(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានចោរលួចគាស់ទ្វារផ្ទះយករថយន្តម៉ាក Lexus RX330 និងម៉ូតូម៉ាក SUZUKI NEX កាលពីទាបភ្លឺថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង ដែលកម្លាំងនគរបាលខណ្ឌសែនសុខ បានជួយអន្តរាគមន៍ និងស្វែងរកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

ក្ដីរំភើបរីករាយនេះ ធ្វើឡើងបន្ទាប់ពីនគរបាលខណ្ឌសែនសុខ បានប្រគល់រថយន្តម៉ាក Lexus RX330 ដល់គ្រួសារជនរងគ្រោះ នៅថ្ងៃទី១៦ ខែឧសភា។ សម្រាប់ករណីនេះ នគរបាលបានចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១៤ ខែឧសភា។ ដោយឡែកនៅថ្ងៃទី២២ ខែឧសភានេះ កម្លាំងនគរបាលក៏បានរកឃើញ និងប្រគល់ម៉ូតូ ដែលត្រូវបានចោរលួចនៅថ្ងៃនោះ ដល់ជនរងគ្រោះវិញ បន្ទាប់ពីខិតខំស្វែងរកតាមមុខសញ្ញា។ ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនេះ បានធ្វើឲ្យពលរដ្ឋរងគ្រោះ បង្ហាញនូវការរំភើប ដឹងគុណ ហើយបានសរសេរសារបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ជនរងគ្រោះបានថ្លែងទាំងអារម្មណ៍រំភើបថា «ក្នុងនាមខ្ញុំជាជនរងគ្រោះដែលបានបាត់រថយន្តម៉ាក Lexus RX330 ផ្លាកលេខ ភ្នំពេញ 2AD-7263 និងម៉ូតូ SUZUKI NEX ផ្លាកលេខ ភ្នំពេញ1HB-4710 នៅវេលាម៉ោង ៣៖៣០នាទីទាបភ្លឺ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅវេលាម៉ោង៥៖៤៥នាទី ទើបខ្ញុំបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលគោកឃ្លាង និងអធិការនគរបាលខណ្ឌសែនសុខ បើកការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់»

ជនរងគ្រោះបានបន្តថា លុះមកដល់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបបានជនទទួលផលចោរកម្ម ម្នាក់ដែលទទួលទិញរថយន្តពីជនល្មើសនៅត្រង់ ចំណុចផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តែជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ បន្តដើម្បីតាមចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់។ ចំណែករថយន្តវិញ លោកអធិការ បានហៅលោកមកទទួល និងប្រគល់ឲ្យវិញនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ និងម៉ូតូនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌសែនសុខតែម្តង។

ម្ចាស់ទ្រព្យបានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលប៉ុស្តិ៍ខណ្ឌដែលដឹកនាំដោយលោកអធិការ ហួរ ម៉េងវ៉ាង និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាលតែងតែធ្វើការបំរើពលរដ្ឋមិនគិតថា ពេលថ្ងៃ ឬពេលយប់នោះទេ ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ ជូនពរអោយលោកអធិការទទួលបាន នូវការគោរពស្រលាញ់ពីថ្នាក់ដឹកនាំ ដើម្បីបន្តការដឹកនាំបំរើពលរដ្ធតទៅមុខទៀត! អរគុណសន្តិភាព!»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឡា តា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារ ផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រោយបង្ក្រាបបាន កម្លាំងនគរបាល បានដកហូតរថយន្ត និងម៉ូតូ ដោយឡែកសម្រាប់ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារផងដែរ៕