(ភ្នំពេញ)៖ បុរសម្នាក់ត្រូវកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹង ពីស្ត្រីរងគ្រោះម្នាក់ពីបទដាក់ ថ្នាំ​សណ្តំមកលើនាង រួចនាំយកទៅរំលោភសេពសន្ថវៈ នៅក្នុងផ្ទះសំណាក់រហូតបានសម្រច រួចថែមទាំងលួចយកគ្រឿងអលង្ការនិងទូរស័ព្ទ លុយរបស់នាង គេចខ្លួនបាត់ទៀត។

បុរសរងការចោទប្រកាន់ខាងលើត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ខណៈជនសង្ស័យកំពុង ជិះរថយន្តដល់ទីនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បូ ចំរើន អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៨៩ ផ្លូវព្រះមុនីវង្ស សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នារីរងគ្រោះ ស.ច.ដ. អាយុ២៩ឆ្នាំ ដោយសមត្ថកិច្ចមិនបានបញ្ជាក់ អាសយដ្ឋានឲ្យដឹងនោះទេ ។

យោងតាមពាក្យបណ្តឹងពីនារីរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នាងបានទៅចូលរួមកម្មវិធីខួបកំណើត មិត្តភក្តិមួយកន្លែង ដោយនៅពេលនោះនាងបានជួបជុំ និងស្គាល់បុរសសង្ស័យ ហើយនៅពេលចេញពី កម្មវិធីខួបកំណើតវិញ ដោយសារ រូបនាងពុំមានអីជិះធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ទើបបុរសសង្ស័យឲ្យនាង ជិះរថយន្តទៅផ្ទះជាមួយ ។
ប្រភពបន្តថា លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ បុរសសង្ស័យបានបបួលនាង ឲ្យចុះហូបអាហារជាមួយគេ ដោយសន្យាថានឹងឲ្យលុយ ២០០ដុល្លារដល់នាង ។ លុះនាងចុះហូបអាហាររួចហើយ ស្រាប់តែលែងដឹងខ្លួន ទន់ដៃទន់ជើងតែម្តង ។ ក្រោយមកពេលនាងស្វាងដឹងខ្លួនវិញ ស្រាប់តែឃើញនៅក្នុងផ្ទះសំណាក់ឡាក់គី២ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ២១៤ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ទាំងរាងកាយអាក្រាត ព្រមទាំងបាត់បង់កាបូបលុយ ដែលក្នុងនោះមានទូរស័ព្ទអាយហ្វូន១គ្រឿង នាឡិកាដៃមួយគ្រឿង ខ្សែកមាសមួយខ្សែ និងប្រាក់២៨០ដុល្លារ ។

គ្រានោះទើបនាងដឹងថា ខ្លួនត្រូវចាញ់បោកបុរសសង្ស័យ ហើយក៏មកដាក់ពាក្យបណ្ដឹង នៅកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីឲ្យជួយ អន្តរាគមន៍ហើយដល់ម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទើបកម្លាំងអាវុធហត្ថខណ្ឌ៧មករា ចាប់ខ្លួនបានកសាង សំណុំរឿង បញ្ជូនទៅតុលាការតែម្តង ៕