(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងហុងគ្រី ក្រៅពីព្រមព្រៀងជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម ជាមួយគ្នាហើយនោះ នៅក្នុងជំនួប ប្រមុខការទូតកម្ពុជា និងហុងគ្រី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ក៏បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលជាសមាជិក នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) និងក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិផងដែរ។

បើតាមលោក ពិទ័រ ហ្ស៊ីហ្សារតូ រដ្ឋមន្រ្តីក្រសួងការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានឲ្យដឹងថា នៅក្នុងពិភាក្សានា ព្រឹកមិញ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យហុងគ្រី គាំទ្រកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC)។ លោក ពិទ័រ ហ្ស៊ីហ្សារតូ ក៏ស្នើប្រមុខការទូតកម្ពុជា គាំទ្រហុងគ្រី ជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិផងដែរ។

តាមសំណើនេះ ទាំងប្រមុខការទូតកម្ពុជា និងហុងគ្រី សុទ្ធតែបានគាំទ្រគ្នាទៅវិញទៅមក។ លោក ពិទ័រ ហ្ស៊ីហ្សារតូ បានប្រាប់ក្រុមអ្នកព័ត៌មានថា កម្ពុជា គឺស័ក្តិសមក្នុងការចូលជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) គឺជាវេទិកាមួយ របស់អង្គការសហប្រជាជាតិ សម្រាប់ការឆ្លុះបញ្ចាំងជជែកពិភាក្សា និងគិតប្រកបដោយភាពច្នៃប្រឌិត លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕