(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយក្រុមហ៊ុនចំការកៅស៊ូ «ឫទ្ធីក្រានីត» ស្ថិតក្នុងឃុំរម្មណី ស្រុករវៀង ចុះអប់រំផ្សាយដល់បុគ្គលិ កម្មករ កម្មការនី នៅក្នុងក្រុមហ៊ុន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងការរស់នៅ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩។

លោក ពឹង ទ្រីដា បានថ្លែងថា ថ្វីត្បិតតែជំងឺកូវីដ១៩ មិនមាននៅក្នុងប្រទេសយើង ហើយអ្នកផ្ទុកជំងឺកូវីដ១៩ ទាំង១២២នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលបានជាសះស្បើយក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន បណ្តាលឱ្យឆ្លងជំងឺនេះដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសហគមរបស់យើងនោះទេ។

លោក ពឹង ទ្រីដា បានបន្តថា ផ្ទុយទៅវិញយើងទាំងអស់គ្នា ត្រូវបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩នេះ មិនឱ្យកើតមានក្នុងប្រទេសយើងតទៅទៀតទេ។ វិធានការដែលយើង ត្រូវអនុវត្តការទប់ស្កាត់ពីជំងឺកូវីដ១៩នោះ គឺយើងត្រូវមានអនាម័យ ត្រូវលាងសម្អាតដៃដោយសាប៊ូ ឬអាល់កុល ក្រោយប៉ះពាល់ របស់របរផ្សេងៗ និងត្រូវពាក់ម៉ាស់ការពាររាល់ពេលស្ថិតក្នុងទីប្រជុំជន ពិសេសគឺអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន «ឫទ្ធីក្រានីត» ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល ដាំដុះដំណាំកៅស៊ូ លើផ្ទៃដីប្រមាណ ២,០០០ហិកតា។ ក្នុងឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនខាងលើនេះបានបើកមុខចៀជរ័បណ្តើៗ និងបានផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានដោយផ្ទាល់ ធ្វើការជាកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុនសរុបជិត ២០០នាក់ ផងដែរ៕