(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានបញ្ជាទៅអភិបាលស្រុកខ្សាច់កណ្តាល ឲ្យចុះពិនិត្យយ៉ាងម៉ត់ចត់ ក្រោយមានព័ត៌មានថា មានសកម្មភាពចាក់លុបប្រឡាយទឹក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (ក្រសួងធនធានទឹក និងឧតុនិយម) នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល។

អភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែឧសភានេះថា លោកបានបញ្ជាឲ្យអភិបាលស្រុកពិនិត្យករណីនេះហើយ ដើម្បីមានចំណាត់ការ បន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសំណើរប្រាប់ទៅអភិបាលរាជធានី-ខេត្ត ទាំង២៥ ឱ្យចូលរួមជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលមិនស្របតាមច្បាប់បានកំណត់។

ក្រសួងបានបន្តទៀតថា បន្ថែមពីនេះ ស្របពេលប្រទេសកម្ពុជា មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យមានកំណើននៃការសាងសង់គួរឱ្យគត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ ក៏សង្កេតឃើញមានសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលជាសម្បត្តិសាធារណៈរបស់ជាដើម។

ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹក និងឧត្តុនិយម មានការព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហាដែលកើតឡើង ដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ និងតំបន់រងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អ្នកភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ពួកគេបានឃើញឈ្មួញមានលុយម្នាក់ដែលរកស៊ីខាងកាយដី លក់អាចម៍ដី បានធ្វើសកម្មភាពចាក់ដីរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈដែលពលរដ្ឋស្នើសុំអាជ្ញាធរពាក់ព័ន្ធធ្វើការទប់ស្កាត់ផង បើពុំដូច្នោះទេ ប្រឡាយសាធារណៈនេះ នឹងត្រូវបាត់បង់ធ្លាក់ចូលក្នុងដៃឈ្មួញមិនខានឡើយ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេបានចាក់លុបប្រឡាយនេះ បានជាច្រើនម៉ែត្រហើយ បើសិនជាមិនទប់ស្កាត់ទេ ប្រឡាយសាធារណៈនេះ នឹងក្លាយទៅជារបស់ឯកជនយ៉ាង អនាធិបតេយ្យមិនខានឡើយ។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានបញ្ជាក់ដែរថា ខាងអាជ្ញាធរបានហាមឃាត់សកម្មភាពចាក់ដីលុបប្រឡាយនេះហើយ ព្រមទាំងហៅភាគីខាងអ្នកចាក់ ចូលខ្លួនដោះស្រាយបញ្ហានៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។

សម្រាប់លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាលបានឱ្យដឹងថា លោកមិនគាំទ្រទេ អ្នកណាមករំលោភយកប្រឡាយសាធារណៈបែបនេះ ប៉ុន្តែបើសិនជាខាងណាជួយស្ដារប្រឡាយ ដើម្បីប្រយោជន៍ប្រជាជនទើបលោកគាំទ្រ។ ករណីនេះ Fresh News ពុំអាចស្នើព័ត៌មានបំភ្លឺណាមួយពីភាគីដែលរងការចោទថា បានចាក់ដីលុបប្រឡាយនោះដែរ៕