(ភ្នំពេញ)៖ គណៈកម្មការត្រួតពិនិត្យការប្រគល់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ ជូនរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីពិនិត្យ មើលនូវសម្ភារៈដែលក្រុមហ៊ុនត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផ្លូវជាតិលេខ៤វិញ។

ការប្រជុំខាងលើនេះមានការចូលរួមពីលោក ទូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ និងមានការចូលរួមបណ្តា ក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។​

សូមជម្រាបថារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចដកហូតសិទ្ធិគ្រប់គ្រង ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ វិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ។ គ្រប់រថយន្តទាំងអស់ដែលចរាចរលើផ្លូវជាតិលេខ៤ ចាប់តាំងពីថ្ងៃទី១៤ ខែមករា តទៅមិនតម្រូវឲ្យបង់ប្រាក់ទៀតទេ៕