(ភ្នំពេញ)៖ កម្លាំងនគរបាលល្បាត នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានដេញបង្ក្រាប និងចាប់បានក្រុមចោរឆក់ ចំនួន៣នាក់ បានភ្លាមៗ ក្នុងករណី២ផ្សេងគ្នា ខណៈជនសង្ស័យ៤នាក់ទៀត បានរត់គេចខ្លួនអស់ ហើយជនសង្ស័យម្នាក់ត្រូវបាន ប្រជាពលរដ្ឋព្រួតវាយ ស្ទើរស្លាប់ ទៀតផង។ មន្រ្តីនគរបាល ខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា ករណីទី១ កើតឡើងនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ១៨២ កែងផ្លូវលេខ២៤៧ ក្រុមទី៩ សង្កាត់ ទឹកល្អក់ទី៣។  ជនសង្ស័យទី១ឈ្មោះ ខន រចនា ហៅភេវ អាយុ២០ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៨៦អា ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ និងទីឈ្មោះ សោម វ៉ាលីហ្សា អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១៣អឺ០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឡែក ជនរងគ្រោះឈ្មោះ ចិន ម៉ុនថា ហៅអ៊ាក ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវនៅ ផ្សារអីអន ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយផ្លូវលេខ១៨២ ពីលិចមកកើត មកដល់ចំណុច កើតហេតុ ស្រាប់តែជនសង្ស័យ០៣នាក់ ជិះម៉ូតូ០២គ្រឿង តាមមកពីក្រោយ ទន្ទឹមអែបខាងឆ្វេង បានធ្វើសកម្មភាពឆក់ កាបូបពីដែលជនរងគ្រោះ បានសម្រេច ព្យាយាមជិះម៉ូតូគេខចខ្លួន។ ពេលនោះ ជនរងគ្រោះបានជិះម៉ូតូ ដេញតាមពីក្រោយ ព្រមទាំងស្រែកចោរៗ ភ្លាមនោះកំលាំងល្បាត របស់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលកំពុងល្បាត ការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានស្ទាក់ខ្លួនបានជនសង្ស័យ០២នាក់ និង ម៉ូតូ០២គ្រឿង រួមទាំងវត្ថុតាង កាបូបរបស់ ជនរងគ្រោះ ចំណែកជនសង្ស័យ ម្នាក់ទៀតបានរត់គេចខ្លួនបាត់។

សម្រាប់ករណីទី២ កើតឡើងនៅវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតចំណុមុខផ្ទះលេខ៥៧ ផ្លូវលេខ២៧១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង។ ជនសង្ស័យម្នាក់ មិនស្គាល់អត្តសញាណពីព្រោះនិយាយមិនរួច អាយុ៣០ឆ្នាំ រងរបួសធ្ងន់ធ្ងរបែកក្បាល និងលើផ្ទៃមុខដោយសារប្រជាពលរដ្ឋ ព្រួតគ្នាវាយរហូតដល់ សន្លប់បាត់ស្មារតី តែត្រូវបានដឹកយកទៅសង្រ្គោះ បន្ទាន់នៅមន្ត្រីព្រះកុសមះ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ អ៊ី សុខា អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទនៅ ហាងគង់អ៊ី ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះរងរបួសធ្ងន់ធ្ងររលាត់ ក្បាលជង្គង់ និងត្រគៀកខាងឆ្វេង។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ជាមួយប្អូនប្រុស ត្រឡប់មកពីដើរលេងនៅកោះពេជ្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ពេលជិះមកដល់ កន្លែងកើតហេតុ ស្រាប់តែមានជនល្មើស៤ នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦មួយគ្រឿង មានស្លាកលេខ ភ្នំពេញ 1FO-0535  និង១គ្រឿងទៀត គ្មានពាក់ស្លាកលេខ បានជិះមកអែមទន្ទឹមរួចគ្នា ម្នាក់បានធ្វើ សកម្មភាព ឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ដាច់ខ្សែតែមិនបានៗ តែទូរស័ព្ទ ណូគា១គ្រឿង និងលុយ២០$ ជនរងគ្រោះបានធ្លាក់ពីលើម៉ូតូ ដួលរីឯជនល្មើស២នាក់ ជិះម៉ូតូ១គ្រឿងដែលគ្មានស្លាកលេខ បានជិះគេចទៅដួលនៅមុខក្លឹបប្លូផាកផ្លូវលេខ២៦១ ក្រុមទី១១ភូមិ៣ សង្កាត់បឹងសាឡាង ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ ។

ចំណែក ជនល្មើស២នាក់ទៀត បានជិះម៉ូតូរត់គេចដែរដោយ មានប្អូនជនរងគ្រោះដេញ តាមពីក្រោយ ប៉ុន្តែនៅពេលទៅដល់ចំណុចផ្លូវទេពផនកែង និងផ្លូវ២៧១ ជនល្មើសបានជ្រុល ទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋដួលទៅមុខលែងរួច ក៏នាំគ្នារត់គេចខ្លួន បាត់អស់ទៅ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវធី៕