(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមប្រឹក្សាក្រុង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើល ការចិញ្ចឹមកង្កែប របស់បងប្អូនប្រជាកសិករ នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះដែរ លោក ហ៊ឹល រ៉ាយ៉ា ក៏បានសំណេះសំណាល ជាមួយបងប្អូនដែលចិញ្ចឹមកង្កែប និងបានជំរុញពួកគាត់ បន្តការចិញ្ចឹមបន្តទៀត ដើម្បីផ្គង់ផ្គត់ជីវភាព នឹងបំពេញតម្រូវការទីផ្សាផង។

លោកក៏បានណែនាំ ដល់ពួកគាត់បើខ្វះខាតថវិកា ចង់ពង្រីកការចិញ្ចឹម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បានបង្កើតមូលនិធិមួយ សម្រាប់ជួយដល់បងប្អូន ចង់ពង្រីកការចិញ្ចឹមអាចកម្ចីបាន ដោយគិតការប្រាក់ទាបបំផុត សម្រាប់ជួយដល់កសិករ។

អុំស្រី ម៉ក់ សាលឹម អាយុ៤៤ឆ្នាំ ជាអ្នកចិញ្ចឹមកង្កែបមួយរូប នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា គាត់បានចាប់របរចិញ្ចឹមកង្កែបនេះ រយៈពេល៥ឆ្នាំមកហើយ ដំបូងគឺគាត់ចេះពីមេភូមិចាស់ ហើយគាត់ក៏ចាប់ផ្តើមចិញ្ចឹម រហូតមកដល់បច្ចុប្បន្ន ដែលធ្វើឲ្យជីវភាពរបស់គាត់ភាពល្អប្រសើរជាងមុន មានថវិកាសម្រាប់កូនៗបានរៀនសូត្រ។

អុំស្រីបន្តថា បច្ចុប្បន្ននេះ គាត់ចិញ្ចឹមកង្កែបមានចំនួន២០ស្បៃ ដែលក្នុងមួយស្បៃ ដាក់កង្កែបជាង១០០០ក្បាល ដែលសរុប២០ស្បៃនេះ គឺប្រហែលជាង២ម៉ឺនក្បាល។ ចំពោះទីផ្សារ គឺគាត់លក់ក្នុងស្រុក និងចេញទៅក្រៅខេត្តតាមការបញ្ជាទិញ។ ហើយការចិញ្ចឹមនេះ គឺចាំបាច់ត្រូវធ្វើការផ្តាស់ប្តូរទឹកជាប្រចាំ បើពុំនេះទេ ធ្វើឲ្យទឹកស្អុយប៉ះពាល់ កង្កែបនៅក្នុងស្បៃ។

លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ថា បងប្អូននៅក្នុងសង្កាត់ភ្នៀតភាគច្រើន ក្រៅពីធ្វើស្រែ គឺដាំដុះបន្លែផ្សេងៗ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក៏ដូចជាយកទៅលក់នៅផ្សារក្នុងក្រុង។ ចំពោះបងប្អូនកសិកដែលចិញ្ចឹមកង្កែប នៅក្នុងសង្កាត់ភ្នៀត គឺមានចំនួន៤៧គ្រួសារ៕