(ត្បូងឃ្មុំ)៖ សាមណេរ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បន្តនិមន្តបិណ្ឌបាត្រជាមួយព្រះសង្ឃដទៃទៀត នៅតាមភូមិក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្រុកកំណើតរបស់ជីដូនរបស់ព្រះអង្គទើបធ្វើមរណកាលនោះ។

ក្នុងឱកាសនិមន្តបិណ្ឌបាត្រតាមគន្លងព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងញាតិញោមជាញាតិមិត្ត ព្រមទាំងប្រជាពលរដ្ឋនៅក្នុងភូមិផង បានអញ្ជើញដាក់បាត្រប្រគេនចង្ហាន់ និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ដូចជាញាតិការដទៃទៀត។

សូមបញ្ជាក់ថា សាមណេរ ហ៊ុន ម៉ាណែត បានបួសមុខភ្លើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ ក្នុងព្រពៃណីទំនៀមទម្លាប់ខ្មែរ បានចាត់ទុកការបួសមុខភ្លើង គឺជាការបង្ហាញនូវកតញ្ញូធម៌សម្រាប់អ្នកមានគុណដែលបានចែកឋាន ហើយក៏ជាសន្សំកុសលផលបុណ្យឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកធ្វើមរណកាលទៅផងដែរ។

ក្នុងកំលុងពេលបួសមុខភ្លើងរយៈប៉ុន្មានថ្ងៃមកនេះ ព្រះសាមណេរ ហ៊ុន ម៉ាណែត បានប្រណិប័តន៍តាមធម៌ឱវាទរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីប្រមូលនូវមនុញ្ញផលទាំងឡាយ ឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជា់ជីដូនជាទីគោរពស្រឡាញ់របស់ព្រះអង្គ។

សូមរំលឹកផងដែរថា កូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅតែពីលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី សុទ្ធតែបានផ្សារភ្ជាប់ជីវិតជាមួយព្រះពុទ្ធសាសនា ជាមួយព្រះធម៌ ហើយបានបួសមួយរយៈពេលខ្លីដូចគ្នា៕