(ស្វាយរៀង)៖ យ៉ាងហោចណាស់មានកម្មករ កម្មការិនី៨នាក់រងរបួស និងម៉ូតូ៦គ្រឿងរងការខូចខាត ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តពាក់ស្លាកលេខរដ្ឋ បុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឱ្យបែកកង់រ៉េចង្កូតបុករះម៉ូតូបញ្ច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ13.2.0867 ក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបញ្ច្រាសគ្នា ក៏បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យ រថយន្តពាក់ស្លាកលេខរដ្ឋបែកកង់ រួចក៏រេចង្កូតបុករះម៉ូតូរបស់កម្មករកម្មការិនី៦គ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងបាវិត បានមកដល់ចុះវាស់វែង និងអូសយករថយន្ត និងម៉ូតូ៦គ្រឿង មករក្សាទុកដើម្បីដោះស្រាយពេលក្រោយ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋបង្កហេតុក្រោយពីឃើញ សភាពការណ៍មិនស្រួលបើកទ្វារ រថយន្តរត់គេចខ្លួនភ្លាមៗ។ ចំណែកកម្មករកម្មការិនី៨នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូ ក្រុងបាវិតផងដែរ៕