(កំពត)៖ រដ្ឋបាលខេត្តកំពត បានប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ជូនដល់ជនជាតិអាមេរិកម្នាក់ ឈ្មោះ អូប្រាយអិន ហ្សកអាឡិន ហៅ ថម មានសិទ្ធិស្នាក់ និងរស់នៅក្នុងប្រទេសកម្ពុជា។

ការប្រគល់ និងទទួលព្រះរាជក្រឹត្យនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមានចូលរួមពីលោក ជាវ តាយ អភិបាលខេត្ត និងលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងវត្តមានអស់លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំ អង្គភាពចំណុះសាលាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។

តាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់ ចេញព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ជូនដល់លោក អូប្រាយអិន ហ្សកអាឡិន ហៅ (ថម) ជាជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៦ រស់នៅរដ្ឋ Tenneesee សហរដ្ឋអាមេរិក ដោយបានប្ដូរហៅឈ្មោះ សែន សំណាង ដើម្បីឲ្យគាត់បានចូលជាសញ្ជាតិខ្មែរ និងស្នាក់រស់នៅ ព្រមទាំងមានសិទ្ធិចាត់ចែងកាន់កាប់ទ្រព្យសម្បត្តិ កម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃ ឡាយព្រះហស្តលេខា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះតទៅ។

ជាមួយនឹងពិធីនេះដែរ រដ្ឋបាលខេត្តកំពត ក៏បានផ្ដល់ជូននូវឯកសារពាក់ព័ន្ធនៃសិទ្ធកាន់កាប់ដីធ្លី ដែលជាកម្មសិទ្ធិរបស់លោកប្រាយអិន ហ្សកអាឡិន ហៅ (ថម) ឬហៅ សែន សំណាង ដែលមានចំនួន៦ទីតាំង នៅក្នុងខេត្តកំពតផងដែរ។

លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានលើកបញ្ជាក់ថា ស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានចាត់ទុកអាមេរិក គឺជាមិត្តភក្តិល្អជាមួយកម្ពុជា។ ហើយក្នុងករណីលោក ថម កន្លងមកនេះមានការរំលោភបំពាន ពីដៃគូរកស៊ីជាមួយគ្នា និងមានដំណោះស្រាយរកយុត្តិធម៌តាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដែលដំណោះស្រាយនេះ ត្រូវបានសម្ដេចតេជោ មានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង។

លោកបន្តថា ចំពោះករណីលោក ថម នេះដែរ រាជរដ្ឋាភិបាល គឺសម្ដេចតេជោជាប្រមុខដឹកនាំ នៅពេលបានដឹងថា មានការរំលោភបំពានពីដៃគូរកស៊ីជាមួយគ្នា សម្ដេចតេជោតែងតែមានការអាណិតអាសូរ ជាពិសេសនៅពេលដឹងថា លោក ថម ត្រូវបានចូលនិវត្តន៍ ហើយសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា ដែលបានជ្រើសរើសទីតាំងខេត្តកំពត ជាកន្លែងជម្រើសចុងក្រោយរបស់ជីវិតលោក។ ដូច្នេះហើយដោយពិនិត្យឃើញសកម្មភាពរបស់លោក ថម មានគម្រោងផ្ទះសម្បែង ដីធ្លី និងស្រឡាញ់ប្រទេសកម្ពុជា ដោយបេះដូងរបស់គាត់ផ្ទាល់ សម្ដេចតេជោក៏ពេញចិត្ត សម្រេចទូលសុំព្រះមហាក្សត្រ ដើម្បីផ្ដល់សញ្ជាតិខ្មែរជូនលោក ថម ក្នុងក្ដីស្រឡាញ់ពេញបេះដូង ជាសមាជិកគ្រួសារខ្មែរតែមួយ។

លោក ដួង តារា ក៏បានសម្ដែងក្ដីសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោក ថម នឹងធ្វើកិច្ចការរស់នៅស្របតាមច្បាប់ប្រទេសកម្ពុជា ហើយកិច្ចការខ្វះខាតត្រង់ណា សង្ឃឹមថារដ្ឋបាលខេត្តកំពត និងជួយសម្របសម្រួល ដើម្បីធ្វើឱ្យការរស់នៅលោក ថម នៅក្នុងប្រទេសកម្ពុជាយើងនេះ សុខសប្បាយទាំងអស់គ្នា។

លោក ថម ក៏បានសម្ដែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយរកយុត្តិធម៌ព្រមទាំង បានផ្ដល់សញ្ជាតិខ្មែរ ដើម្បីជាសិទ្ធិរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ដែលជាទឹកដី ដែលលោកស្រលាញ់ពេញបេះដូង នៃជីវិតចុងក្រោយរបស់លោកផងដែរ៕