(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថា ផ្លូវរថភ្លើង និងស្ថានីយ៍ដែលមានប្រវែង៦,៥គីឡូម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមស្ថាបនានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ហើយនៅចុងឆ្នាំ២០១៦នេះ នឹងដាក់ឲ្យដំណើរការ។

នៅព្រឹកថ្ងៃនេះ នៅសាលាក្រុងប៉ោយប៉ែត មានកិច្ចប្រជុំមួយពិភាក្សា អំពីបញ្ហាការដាក់ឲ្យដំណើរការ ស្ថាបនាផ្លូវរថភ្លើង ក្រោមវត្តមានលោក អ៊ួន សុង អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលក្រុងប៉ោយប៉ែត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ួន សុង បានបញ្ជាក់ថា «ក្រុមការងារយើង នឹងចាប់ផ្តើមដំណើរការស្ថាបនា ចាប់ពីពេលនេះទៅហើយ នឹងឲ្យរួចរាល់រយៈពេល១៧០ថ្ងៃ ហើយការដំណើរការសាងសង់នេះ យើងនឹងបង្កើនគ្រឿងចក្រ បង្កើនពេលវេលា និងបង្កើនសាងសង់នៅពេលយប់»

លោកបានបន្តទៀតថា ការស្ថាបនាផ្លូវរថភ្លើងនេះ មានសារៈប្រយោជន៍ណាស់ ក្នុងនោះ ការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនជីវភាពប្រជាពលរដ្ឋទាំង២ប្រទេស តាមរយៈការតភ្ជាប់រវាងកម្ពុជា-ថៃ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវិស័យអភិវឌ្ឍន៍នានា។

លោកបានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេច ផ្លូវរថភ្លើងខាងលើនេះ ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ប៉ុណ្ណោះ ដើម្បីដំណើរការពីក្រុងប៉ោយប៉ែត ទៅកាន់រាជធានីភ្នំពេញ ហើយអាជ្ញាធរត្រូវចូលរួមសហការ ជាមួយក្រុមការងារសាសង់ និងរក្សារសន្តិសុខ ស្ថានភាពចរាចរណ៍ និងសម្រួលការងារផ្សេងៗ។

ចំណែកស្ថានីយ៍រថភ្លើងប៉ោយប៉ែត និងស្ថានីយ៍រថភ្លើង ក្រុងសិរីសោភ័ណ នឹងធ្វើឲ្យរួចរាល់ផងដែរ។ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏សុំស្នើសុំទៅអាជ្ញាធរក្រុងប៉ោយប៉ែត ជួយសម្រួលការងារនៅតំបន់រង្វង់មូលប៉ោយប៉ែត ដែលផ្លូវរថភ្លើងត្រូវចាក់គ្រឹះ និងផ្លូវបេតុង ដូច្នេះអាជ្ញាធរគួរពិនិត្យមើល ខ្សែអេឡិត្រូនិចនានា ដែលស្ថិតនៅក្បែនោះ ហើយក្រុមការងារយើង នឹងដាក់កម្លាំងបន្ថែមទៀតផងដែរ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ហើយត្រូវបានដោះស្រាយរួចនោះ សូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីស្ថាបនាផ្លូវដែកឲ្យបានឆាប់រហ័ស ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានសម្តែងការប្តេជ្ញាចិត្ត ប្រឹងប្រែងសហការ ជាមួយក្រុមការងារដើម្បីស្ថាបនាផ្លូវដែក និងសម្របសម្រួលរាល់ការងារទាំងអស់ ដើម្បីការអភិវឌ្ឍននៅក្រុងប៉ោយប៉ែត។ ក្រោយពីកិច្ចប្រជុំរួចរាល់ ក្រុមការងារទាំងអស់ បានចុះត្រួតពិនិត្យជាក់ស្តែង នៅទីតាំងរក្សាទុកគ្រឿងចក្រ កន្លែងការដ្ឋានសាងសង់ផ្លូវរថភ្លើង កន្លែងប៉ះពាល់ទាំងអស់។ ក្នុងនោះ ក្រុមការងារក៏បានលើកឡើងបន្ថែមចំនួនផ្លូវដែក សរុបចំនួន២,៥គីឡូម៉ែត្រ នៅចំណុចស្ថានីយ៍រថភ្លើងប៉ោយប៉ែតទៀត ដើម្បីងាយស្រួលកន្លែងដោះដូរទូ ក្បាលរថភ្លើងផងដែរ៕