(ភ្នំពេញ)៖ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីធ្វើបទបង្ហាញមួយ ស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន ០៤ ក្រោមចំណងជើងថា «ព័ត៌មានពីប្រទេសរុស្ស៊ី (News from Russia) » ដើម្បីឧទ្ទិសដល់ខួបលើកទី ៧៥ នៃទិវាជ័យជម្នះលើកងទ័ពណាហ្ស៊ីអាលឺ្លម៉ង់ ក្នុងអំឡុងសង្រ្គាមលោកលើកទី ២ (ឆ្នាំ១៩៤១-១៩៤៥) ឬគេស្គាល់ថា Great Patriotic War។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានីភ្នំពេញ។ Great Patriotic War គឺជាផ្នែកមួយនៃសង្រ្គាមលោកលើកទី ២ និងបានកើតឡើងនៅសមរភូមិភាគខាងកើត រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥។ នៅក្នុងសង្រ្គាមជាមួយ កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ អតីតសហភាពសូវៀតបានពលីជីវិតមនុស្ស ២៧លាននាក់ ក្នុងនោះមាន ១១លាននាក់ជាជនស៊ីវិល។

នៅឯព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៧៥ នោះដែរ អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្ដម ឌីមីទ្រី ធីស្វេតកូវ (Dmitry Tsvetkov) បានធ្វើការកត់សម្គាល់ជាមួយការ បញ្ជាក់ពីភាពចាំបាច់នៃការប្រយុទ្ធប្រឆាំង នឹងការប៉ុនប៉ងបំភ្លៃប្រវតិ្តសាស្ត្រ ហើយត្រូវព្យាយាមរក្សាទុកការចងចាំ អំពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើង។ ការព្យាយាមបំភ្លៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមទាំងការគំរាមកំហែងដាក់ទណ្ឌកម្មឯកតោភាគី គឺមានចេតនាបំផ្លាញប្រព័ន្ធទំនាក់ទំនងអន្តរជាតិដែល មានស្រាប់នាពេលបច្ចុប្បន្ន ដែលអនុលោមតាមស្ថាប័ន UN និងច្បាប់អន្តរជាតិ។

នាឱកាសនោះ ស្ថានទូតរុស្ស៊ី បានធ្វើបទបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន ០៤ ដែលគ្របដណ្ដប់លើទិដ្ឋភាពនៃសង្រ្គាម Great Patriotic War នោះគឺ៖ ការចាប់ផ្ដើមផ្ទុះឡើងនៃសង្រ្គាម, កងទ័ពឧទ្ទាមអ៊ុយក្រែនបានបញ្ចូល សកម្មភាពរបស់អង្គការជាតិនិយមអ៊ុយក្រែន ដែលបានបង្ហាញនៅក្នុងឯកសាររបស់ នាយកដ្ឋានប្រជាជនកិច្ចការផ្ទៃក្នុង និងក្រសួងសន្តិសុខរដ្ឋ, បេសកកម្មរំដោះនៃកងទ័ពក្រហមនៅអ៉ឺរ៉ុប ព្រមទាំងសន្ធិសញ្ញាបញ្ចប់សង្រ្គាម និងឯកសារជ័យជម្នះ។

គួរជម្រាបថា អ្នកតំណាងមកពីរាជបណ្ឌិតសភាកម្ពុជា, វិទ្យាស្ថានចក្ខុវិស័យអាស៊ាន (Asian Vision Institute), វេទិកាសម្ព័ន្ធសង្គមស៊ីវិល (Civil Society Alliance Forum), គណបក្សប្រជាជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (Union of Youth federations of Cambodia) រួមទាំងអ្នកតំណាងមកពី បណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកជាច្រើន បានចូលរួមនៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយស្ថានទូតរុស្ស៊ី៕