(តាកែវ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ និងសហការី បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទានក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល៥០លានដុល្លារអាមេរិក ជូនបងប្អូនប្រជាសហគមន៍ ចិញ្ចឹមសត្វ, ចញ្ចឹមត្រី, ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម, សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មក្នុងខេត្តតាកែវ។

ការចុះចុះផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល៥០លានដុល្លារ ជូនបងប្អូនប្រជាសហគមន៍ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងខ្សែច្រវាក់ ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

លោក កៅ ថាច បានពន្យល់ពីគោលការណ៍ និងលក្ខខណ្ឌតម្រូវផ្សេងៗយ៉ាងលម្អិត ដើម្បីទទួលបានឥណទាន និងបន្តអំពាវនាវលើកទឹកចិត្ត ឲ្យបងប្អូនប្រជាសហគមន៍ ចិញ្ចឹមសត្វ , ចិញ្ចឹមត្រី, ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម, សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដាក់ពាក្យស្នើសុំឥណទានពី កម្មវិធីហិរញ្ញប្បទានពិសេសនេះ ដើម្បីយកទៅពង្រីកអាជីវកម្ម របស់ខ្លួនឲ្យបានគ្រប់ៗគ្នា ព្រោះតាមរយៈកម្មវិធីនេះ ឥណទានដែលបានផ្តល់ជូន គឺមានអត្រាការប្រាក់អនុគ្រោះបំផុត បើប្រៀបធៀបទៅអត្រាការប្រាក់របស់ធនាគារផ្សេងទៀត ដែលអនុញ្ញាតឲ្យបងប្អូនទទួលបានចំនេញច្រើន។

លោក កៅ ថាច បានថ្លែងអំណរគុណ ដល់អភិបាល នៃគណៈអភិបាលខេត្តតាកែវដែលជួយ សម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧៧ ៧៥៩ ១៥៩, ០១២ ៧០ ៦៦ ៣៦, ០៨៩ ៨១ ១១ ៤៨៕