(ភ្នំពេញ)៖ លោក ភូ លិ អភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅបន្ដដំណើរការដូចធម្មតា មិនមានអ្វីជាការរាំងស្ទះនោះឡើយ បើទោះបីកន្លងទៅ មានជួបការលំបាកបន្ដិចមែនដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្ម។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ភូ លិ បានអះអាងថា ជាមោទនភាពរបស់ខេត្តកំពត ដែលជាកន្លែងផលិតអំបិល ហើយបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។

លោក ភូ លិ បានថ្លែងយ៉ាងដូច្នេះថា «ខេត្តកំពតជាកន្លែងផលិតអំបិល ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបានទទួលផលិតផលនេះ ពីខេត្តកំពតយើងខ្ញុំ ចែកទូទាំងប្រទេស។ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច»

បើតាមលោកអភិបាលរងខេត្តកំពត បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាងរឹតត្បិតអំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយក្នុងប្រទេសកម្ពុជា។ ចំណុចនេះ ថ្នាក់ដឹកនាំបាននិងកំពុងជំរុញមន្ដ្រី ត្រូវតែអនុវត្តកិច្ចការងារនេះឲ្យបានល្អ។

ជាក់ស្ដែងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះតែម្ដង លោក ជាវ តាយ អភិបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សាមួយជាមួយប្រធានមន្ទីរឧស្សាហកម្ម ពាក់ព័ន្ធបញ្ហាការផលិត និងចែកចាយអំបិលនេះផងដែរ។ នេះបើតាមការឲ្យដឹងពី លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក តេវ សំណាង អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុងខេត្តកំពត បានចំនួន ២៧,៧៧៥តោន ក្នុងនោះបានផ្គត់ផ្គង់ទៅលើទីផ្សារ ចំនួន១២,៣៣២តោន។

សូមជម្រាបថា យោងតាមមន្ដ្រីជំនាញនៃក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ប្រទេសកម្ពុជា មានតម្រូវការអំបិលប្រើប្រាស់ ក្នុងមួយឆ្នាំៗ ១០ម៉ឺនតោន ដោយក្នុងនោះមាន៣ប្រភេទអំបិលត្រូវការ រួមមាន៖ អំបិលសម្រាប់ប្រើប្រាស់ នៅក្នុងការហូកចុក របស់ប្រជាពលរដ្ឋតាមផ្ទះ, អំបិលសម្រាប់ធ្វើឧស្សាហកម្ម (សម្រាប់ផលិតផលិតផល) និងអំបិលសម្រាប់កសិកម្ម។

កម្ពុជាមានផ្ទៃដីសម្រាប់ផលិតអំបិល ប្រមាណជាង៥ពាន់ហិកតា ដែលក្នុងនោះចែកចេញ ជា៣ដំណាក់កាល ដើម្បីផលិតបានអំបិល។ ក្នុងនោះ រួមមានទី១៖ ប្រភេទអូ សម្រាប់ស្ដុកទឹក ដើម្បីធ្វើយ៉ាងម្ដេច ឲ្យទឹកមានភាពល្អ ថ្លា ស្អាត, ទី២៖ ប្រភេទស្រែហើរ ឬក៏ស្រែចម្អិត សម្រាប់ធ្វើឲ្យកំហាប់ទឹកអំបិល មានកំហាប់កាន់តែខ្ពស់, និងទី៣៖ ស្រែសម្រាប់បណ្ដុះ»។

បច្ចុប្បន្នប្រទេសកម្ពុជា មានការបែងចែកជា២ខេត្ដ កំពុងធ្វើការផលិតអំបិល។ ខេត្តទី១៖ ខេត្តកំពត មានមណ្ឌល៦ ដែលមានក្រុមសាមគ្គីប្រមាណជា១៧៤ក្រុម និងខេត្តទី២៖ ខេត្តកែប មានចំនួន៥មណ្ឌល និងក្រុមសាមគ្គីមានចំនួន២ក្រុម៕