(កំពង់ធំ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស ខិតខំប្រឹងប្រែងយ៉ាងណាពង្រឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដោយបង្កើនសកម្មភាពល្បាត ទប់ស្កាត់នូវបទល្មើសផ្សេង ដើម្បីថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ពិសេសក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

ការជំរុញបែបនេះរបស់លោក សៅ សុភាព បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារសម្រាប់មធ្យោបាយធ្វើដំណើរ ម៉ូតូថ្មីចំនួន៦គ្រឿង របស់គម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ជូនដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ។

លោក សៅ សុភាព បានថ្លែងថា ការប្រគល់សម្ភារនាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង របស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរ នូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃ អនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបង របស់គម្រោងផងដែរ។

នៅក្នុងឱកាសនេះ លោកបានលើកឡើងផងដែរថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុង តំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូល ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។

លោក សៅ សុភាព បានបញ្ជាក់បន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូល ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។

ក្រោមការគាំទ្រពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមាន ដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត ៕