(ភ្នំពេញ)៖ លោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទគំរាមកំហែងថានឹងសម្លាប់ ក្រោមបទបញ្ជាលក្ខខណ្ឌអ្វីមួយ ការគំរាមកំហែងហែកកេរ្តិ៍ ឆបោក កាន់កាប់ ដឹកជញ្ជូនអាវុធដោយនគ្មានការអនុញ្ញាត និងប្រើប្រាស់នូវសំលៀកបំពាក់ជាអាទិ៍ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំលុងខែកញ្ញា ឆ្នាំ២០១៩ ដែលមានចែងតាមបញ្ញត្តិមាត្រា ២៣៤ ៣៧២. ៣៧៨. ៣៧៨. ៤៩០ និងមាត្រា ៦១២ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធដោយខុសច្បាប់ និងឆបោក។ ការឃាត់ជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ ក៏មានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះ ចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយអាវុធខ្លីមួយដើម ម៉ាក Glock 26 គ្មានលិខិតប្រើប្រាស់៕