(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីរសៀថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមកាងារ ចុះពិនិត្យ និងសំណេះសំណាលជាមួយសហប្រជាសហគមន៍ ដែលកំពុងដាំដុះដំណាំទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា ១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខប្រជាសហគមន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផល ទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្តកំពង់ស្ពឺ ឲ្យកាន់តែប្រសើរក្នុងពេលដែលពួកគាត់កំពុងដាំដុះ។

បន្ថែមពីលើមន្ទីរកសិកម្ម លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវមានទំនាក់ទំនង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះដំណាំទំពាំងបាយជូរខ្មែរយើងនេះ ដើម្បីឲ្យអ្នក ទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ ដោយពុំប្រើប្រាស់សារធាតុគីមីណាមួយ ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ។

ម្យ៉ាងទៀត មន្ទីរពាណិជ្ជកម្ម ក៏ត្រូវតែខិតខំស្វែងរកទីផ្សារ ដើម្បីលក់ស្រាទំពាំងបាយជូរ ដែលពួកគាត់បានផលិតតាមបែបធម្មជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗបែបនេះ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា «យើងរួមគ្នាលើកកម្ពស់សង្វាក់ផលិតកម្មដាំដំណាំកសិកម្មក្នុងស្រុក ដើម្បីបង្កើនជីវភាពរស់នៅ មានការងារឲ្យប្រជាពលរដ្ឋធ្វើកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់យើងផងដែរ»