(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៉ី អំពីការសម្រួលការផ្តល់សេវាកម្មអន្តោប្រវេសន៍។

យោងតាមសេចក្តីជូនដំនឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា៖

*ទី១៖ ការផ្តល់សេវាអន្តោប្រវេសន៍ទូទៅ នៅទូទាំងប្រទេសនឹងចាប់ដំណើរការជាធម្មតា បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ ត្រូវបានបញ្ចប់
*ទី២៖ ជនបរទេសដែលទិដ្ឋការស្នាក់នៅអស់សុពលភាព ចាប់ពីខែមករា ឆ្នាំ២០២០មក និងមានសំបុត្រហោះហើរមាតុភូមិប្រទេសវិញ អាចចាកចេញពីប្រទេសម៉ាឡេស៉ី ក្នុងរយៈពេល ១៤ថ្ងៃធ្វើការ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ ត្រូវបានបញ្ចប់ ដោយមិនចាំបាច់ធ្វើឯកសារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ ហើយក៏មិនជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ឬក៏ត្រូវបង់ប្រាក់ពិន័យទេ
*ទី៣៖ ជនបទេសដែលទិដ្ឋការ ឬបណ្ណស្នាក់នៅ របស់ខ្លួនអស់សុពលភាពមុន ឬក្នុងអំឡុងពេលអនុវត្តន៍បទបញ្ជា ត្រួតពិនិត្យការធ្វើដំណើរ ត្រូវមកពន្យារទិដ្ឋការ ឬបណ្ណស្នាក់នៅ នៅតាមការិយាល័យអន្តោប្រវេសន៍ទូទាំងប្រទេស ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យ ការធ្វើដំណើរ ត្រូវបានបញ្ចប់
*ទី៤៖ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរបានបញ្ចប់ សេវាកម្មទាងអស់ សម្រាប់ជនបរទេស ត្រូវធ្វើឡើងតាមការស្នើសុំណាត់ជួបជាមុន មកកាន់៖ Visa ឬ Pass Permit, Expatriate Services, All Services ៕