(ភ្នំពេញ)៖ លោក Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាស្វីស (Dr Beat Richner) ដែលបន្តពីតំណែងលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅប្រទេសស្វីស ដោយរោគា ក្នុងជន្មាយុ៧៣ឆ្នាំ។ នេះបើតាមសាររំលែកទុក្ខរបស់មន្ទីរគន្ធបុប្ផា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផា Dr.med. Beat Richner ព្រមទាំងបុគ្គលិកមន្ដ្រីរាជការទាំងអស់ មានសមានទុក្ខក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យជាទីបំផុត សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី Genevieve F. Cattin-Studer ជាភរិយា និងក្រុមគ្រួសារ ចំពោះការបាត់បង់ «លោកវេជ្ជបណ្ឌិត Peter Studer» អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr Beat Richner (Switzerland) ដែលបានទទួលមរណភាព។

គួរជម្រាបថា លោកវេជ្ជបណ្ឌិត Peter Studer បានទទួលតំណែងបន្ដពីលោកវេជ្ជបណ្ឌិត Beat Richner កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក្រោយលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺ រហូតដល់ទទួលមរណភាព៕