(ភ្នំពេញ)៖ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) និងធនាគារដៃគូទាំង៣៣ សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

ការអំពាវនាវ របស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាមខ្ញុំជាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម (SME) ភាគច្រើនមិនមែននៅទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងរាជធានីភ្នំពេញច្រើន...សូមសំណូមពរឲ្យវត្ថុបញ្ចាំកុំឲ្យមានការតឹងតែង កាលណាតឹងតែង SME ខ្ចីអត់បាន»

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលទទួលកម្ចី មិនរត់ស្រុកនោះទេ គឺទទួលឥណទានដើម្បីអភិវឌ្ឍន៍ ហើយលោកចង់ឲ្យធនាគារសហគ្រាសធុនតូច និងមធ្យម មានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank បន្ដនីតិវិធីដល់៦ឆ្នាំ ដើម្បីសង់ត្រឡប់ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល៤ឆ្នាំ។

បើតាមប្រធានសម្ព័ន្ធសមាគម SME កម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មានធនាគារចំនួន៣៣ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់១៥០លានដុល្លារ ដែលផ្ដល់ឲ្យកម្ចី ក្នុងអត្រាការប្រាក់៧ភាគរយ។ លោកថា ចំពោះឥណទាននេះ ផ្ដល់ឱកាសឲ្យម្ចាស់ SME ទទួលឥណទាន ដែលទុនបង្វិល២០ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគ ទៅលើគ្រឿងម៉ាស៉ីន បានរហូតដល់៣០ម៉ឺនដុល្លារ ក្នុងមួយក្រុមហ៊ុន។

ទន្ទឹមគ្នានោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ដល់ធនាគារ SMEs ដែលបានកៀរគរប្រភពទុនមួយចំនួនបន្ថែម ហើយលោក ក៏ចូលរួមចំណែក ដល់ការបន្ធូរបន្ថយលើនីតិវិធី ក្នុងទទួលបានឥណទាននេះផងដែរ។ លោកសំណូមពរ ដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅលើគម្រោងនៃការវិនិយោគរបស់អ្នកទទួលឥណទាន ទើបអាចគ្រប់គ្រងបាន។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់។ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យ SMEs នេះយ៉ាងខ្លាំង ជាពិសេសក្នុងការជំរុញក្នុងការលើកកម្ពស់ឲ្យ SMEs នៅក្នុងប្រទេសកម្ពុជា ងាយស្រួលក្នុងការទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងវិស័យនេះជាដើម៕