(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានក្រើនរំឮកដល់ប្រជាពលរដ្ឋខ្មែរ មិនត្រូវភ្លេចខ្លួនចំពោះលទ្ធភាពចម្លងវីរុស COVID-19 ល្គឹកណាសកលលោក នៅតែមានការរាតត្បាតនៃវីរុសនេះ ដូច្នេះ រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជា ម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។

ការក្រើនរំឮកបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកចេញ ប្រកបមុខរបរ និងមានការជួបជុំគ្នា នៅក្នុងកម្មវិធីបុណ្យទាន ពិធីមង្គលការឡើងវិញជាបណ្តើរៗ ខណៈពេលជាង ៣សប្តាហ៍ ប្រទេសកម្ពុជា រកពុំឃើញមានករណីឆ្លងជំងឺ COVID-19 នោះទេ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងយើងសង្កេតមើលបងប្អូនប្រជាពលរដ្ឋយើងវិញ យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានវិលត្រឡប់ទៅរកស្ថានភាព រកស៊ីប្រចាំជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឡើងវិញហើយ ក៏ប៉ុន្តែ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាបន្តអនុវត្តនូវវិធានការណ៍ចាំបាច់ ជាពិសេសទៀត នៅក្នុងដំណាក់កាល កាត់ផ្តាច់នៃការចម្លងវីរុស COVID-19 បានល្អប្រសើរ ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះល្គិកណាសកលលោក នៅតែមានការរាតត្បាតវីរុស COVID-19 គឺព្រះរាជាណាចក្រកម្ពុជា នៅតែមានហានិភ័យ ក្នុងការចម្លងវីរុសនេះ»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសុខភិបាលរូបនេះ បានឱ្យក្រើនរំឮកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា រលកទី២ នៃការចម្លងវីរុស COVID-19 ពីអង្គការសុខភាពពិភពលោក WHO ក៏ដូចជាបណ្តាប្រទេសមួយចំនួន ក៏សិក្សាព្រទាំងព្រមានទៅដល់ប្រជាជនរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈ ប្រុងប្រយ័ត្នជាបន្តទៀត ដើម្បីចៀសវាងនៃការវាយលុកនៃវីរុសនេះ នូវរលកទី២ ហើយមានប្រទេសខ្លះ អាចនិយាយទៅដល់រលកទី៣ នៃការចម្លងវីរុសទៀតផង។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាបន្តរួមគ្នា អនុវត្តវិធានណែនាំនានា ជាពិសេសត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួន ឱ្យជាប់ជាប្រចាំ ព្រមទាំងអនុវត្តគម្លាតសុវត្ថិភាព ព្រោះបើតាមការសិក្សា

បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវគម្លាតសុវត្ថិភាពទាំងក្នុងសង្គម និងពីបុគ្គលមួយទៅបុគ្គលមួយ គឺបានធ្វើឱ្យខ្សែបន្ទាត់នៃការចម្លងវីរុស VCOVID-19 មានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ចំណុចនេះ វាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា គឺត្រូវតែបន្តនូវការអនុវត្ត ទោះ បីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះថ្នាក់នោះទេ ស្ថានភាពនៅផុយស្រួយ នៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។

«ខ្ញុំសុំអនុញ្ញាតជូនថា នៅប្រទេសព្រុយណេ គឺពុំមានរកឃើញករណីថ្មី ដូចកម្ពុជាទេ នៅក្នុងរយៈពេល១៦ថ្ងៃ ប៉ុន្តែក្រោយ សម្រាប់ថ្ងៃនេះ បែរជារកឃើញករណីថ្មី ចាប់ផ្តើមឡើងវិញហើយ ដោយឡែកនៅតាមបណ្តាប្រទេសមួយចំនួនទៀត ក៏ដូចគ្នាដែរ គឺបានរកឃើញករណីថ្មី ជាបន្តបន្ទាប់ ជាក់ស្តែងប្រទេសថៃ និងប្រទេសសិង្ហបុរី គឺមានករណីឆ្លងវីរុស COVID-19 នេះ បានកើតមានឡើងជាង១ម៉ឺននាក់ហើយ»។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី ឱ វណ្ណឌីន។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសនៅទ្វីបអឺរ៉ុប គឺបន្តកើតមានវីរុស COVID-19 នេះ បានកើនឡើងគួរឱ្យព្រួយបារម្ភ។ ដូច្នេះ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក គឺកំពុងតែស្ថិតនៅក្រោមវាយលុកដោយសារជំងឺនេះ ជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕