(វ៉ាស៊ីនតោន)៖ យោងតាមសំណុំរូបភាពថ្មីៗដែលថតបានពីផ្កាយរណប កូរ៉េខាងជើងកំពុងសាងសង់មូលដ្ឋានដ៏ធំមួយ ដែលទំនងជានឹងត្រូវប្រើសម្រាប់ ស្តុកទុកអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

មូលដ្ឋានខាងលើស្ថិតនៅក្បែរ អាកាសយានដ្ឋានធំរបស់ទីក្រុងព្យុងយ៉ាង ហើយវាមាននូវកន្លែងស្តុកបរិក្ខាក្រោមដី រោងដែលមានទំហំធំ និងកម្ពស់ខ្ពស់ល្មមសម្រាប់ការរក្សាទុកមីស៊ីលផ្លោងអន្តរទ្វីប វ៉ាសុង ១៥ (Hwasong-15) ដ៏ខ្លាំងបំផុតរបស់កូរ៉េខាងជើង ក្នុងលក្ខណៈបញ្ឈរ សម្រាប់ការធ្វើតេស្តក៏ដូចជាជួសជុល។ មិនតែប៉ុណ្ណោះមូលដ្ឋាននោះ ក៏មានបណ្តាញផ្លូវដែកផ្ទាល់ខ្លួនផងដែរ រួមជាមួយកន្លែងលើកដាក់សម្ភារៈបរិក្ខា ដែលត្រូវបានលាក់បាំង ដើម្បីទប់ស្កាត់ការឈ្លបយកការណ៍ពីផ្កាយរណប។

បើតាមក្រុមអ្នកជំនាញ មូលដ្ឋានធំបែបនេះអាចមានសមត្ថភាពស្តុកទុកមីស៊ីលផ្លោងគ្រប់ប្រភេទ ព្រមទាំងម៉ាស៊ីនជើងទម្រចល័តរបស់ពួកវា ។ មីស៊ីលផ្លោងឆ្លងទ្វីប Hwasong-15 ដែលត្រូវបានធ្វើតេស្តបាញ់សាកល្បងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាមីស៊ីលផ្លោងដ៏ ខ្លាំងបំផុតរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធុនធ្ងន់ និងវាយប្រហារដល់ដែនដីធំរបស់សហរដ្ឋអាមេរិក តែម្តង។

យ៉ាងណាមិញ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កន្លងមកបានចាប់ផ្តើមចូលតុចរចាជាមួយសហរដ្ឋអាមេរិក ដែលជាលទ្ធផលបង្កើតនូវ កិច្ចប្រជុំកំពូលចំនួន ០៣ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយទីក្រុងព្យុងយ៉ាងបានយល់ព្រមផ្អាក សកម្មភាពធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ICBM។ ប៉ុន្តែឥឡូវកិច្ចចរចារវាងប្រទេសទាំងពីរកំពុងបន្តជាប់គាំង ដោយពុំមានវឌ្ឍនភាពអ្វីទៀតឡើយ ស្របពេលដែលពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺរាតត្បាត COVID-19៕