(ក្រចេះ)៖ ក្រសួងផែនការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំលុងពេលប្រយុទ្ធនឹងជំងឺCovid-19 ក្រោមអធីបតីលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងការចូលរួមពីមន្ត្រីនៃមន្ទីរផែនការចំនួន ៧ខេត្តរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។

លោក ប៉ែន លីណាត បានលើកឡើងថា សម្រាប់ខេត្តក្រចេះក្នុងអំលុងពេលផ្ទុះនូវជម្ងឺ Covid-19 ចំនួនអ្នកចូលស្រុក ឬខេត្តក្រចេះមាន ៩០០នាក់ ក្នុងនោះមាន ៤០០នាក់ ជាពលករ កម្មករ មកពីប្រទេសថៃ ហើយអាជ្ញាធរជំនាញបានធ្វើចត្តាឡីស័កនៅផ្ទះ និងតាមមណ្ឌលនីមួយៗ។ ខេត្តក្រចេះមិនមានអ្នកកើតជម្ងឺ Covid-19 ឡើយ ដោយមានការសហការពីពួកគាត់ និងគ្រប់អាជ្ញាធរ ពាក់ព័ន្ធរួមនិងអាជីវករអនុវត្តតាមវិធានការពារ អប់រំណែនាំ និងផ្សព្វផ្សាយតាមគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោក ថេន បញ្ញាធន បានថ្លែងថា ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ។

ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។

លោក ថេន បញ្ញាធន បានបន្ថែមថា មន្រ្តីដែលមានសមត្ថភាពត្រូវលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតឡើងនៅពេលអនុវត្តការងារដូចជា ៖

*ទី១៖ ត្រូវជ្រើសរើសអ្នកមានជំនាញ IT១ ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា
*ទី២៖ ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់
*ទី៣៖ ត្រូវចុះតាមដានជាប្រចាំ និងណែនាំដល់មន្រ្តីរបស់ខ្លួន និងឃុំសង្កាត់ដូចជា ចុះពិនិត្យមើលការដាក់សំណើរសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញា ដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់
*ទី៤៖ ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និងកុមារ ជាពិសេសទិន្នន័យក្រុមអាយុនៅពេលធ្វើសម្ភាសន៍ និងអំឡុងពេលអនុវត្តការងារ ចាំត្រូវរាយការណ៍ពីវឌ្ឍនភាពនៅម៉ោង ១៧៖០០ ជារៀងរាល់ថ្ងៃតាមក្រុមតេឡេក្រាម OD-IDPoor-Covid-19៕