(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួប លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការី ដើម្បីចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាទីមោទននៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌ តាមប្រព័ន្ធអេឡិចត្រូនិច។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការទាំងនេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងនូវការបន្តគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌៕