(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រទេសជាមិត្តជាច្រើនរូបនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បានអញ្ជើញអុជធូបគោរពវិញ្ញាណសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធនៅថ្ងៃម្សិលមិញមានដូចជា លោក ផាតទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក, លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន, លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន, លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង, លោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃ។ ក្រៅពីឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត ដែលបានរៀបរាប់ ក៏មានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រទេសជាមិត្តមួយចំនួនទៀត ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប្រកបដោយក្តីគោរព។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ គណៈប្រតិភូទាំងអស់បានលំឱនកាយ គោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដោយសេចក្តីគោរពកតញ្ញូយ៉ាងជ្រៅ។

ប្រតិភូទូតប្រទេសជាមិត្ត បានចាត់ទុកថា ការទទួលអនិច្ចកម្ម របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាការបាត់បង់មួយដ៏ធំធេង មាតាបង្កើត មាតាក្មេក ជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកូនចៅ ចៅទួត។

សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ។

បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី ៣រូប និងប្រុស ១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប រួមមាន៖ លោកស្រី ប៊ុន សាមលេន, លោក គ្រី ទូច, លោក គ្រី សុខហាក់ ស្លាប់នៅក្នុងរបបប៉ុលពត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកស្រី ប៊ុន សុថា។

ពេលនៅមានជន្មាយុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាពុទ្ធសាសនិកជនមួយរូបពោរពេញដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនតម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។ ក្រៅពីជាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តមមួយរូបហើយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានចូលរួមធ្វើកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀតផងដែរ៕