(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ត្រូវជាថ្ងៃបុណ្យពិសាខបូជា របស់ព្រះពុទ្ធសាសនា សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) បានបង្ហោះសារជូនពរពលរដ្ឋកម្ពុជា ដែលសារនេះត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជាសកម្មភាពល្អមួយរបស់អាស៊ាន ក្នុងការរួមចំណែកផ្សព្វផ្សាយពុទ្ធសាសនាទៅកាន់ពិភពលោក ឲ្យបានកាន់តែទូលំទូលាយ។

Facebook របស់អាស៊ានបានបង្ហះសារជាភាសាអង់គ្លេស មានអត្ថន័យជាខេមរភាសា យ៉ាងដូច្នេះថា៖ «យើងសូមជូនពរមិត្តភក្តិកម្ពុជា ឲ្យទទួលបានសេចក្តីស្ងប់សុខ នៅក្នុងថ្ងៃពិសាខបូជា។ នៅក្នុងថ្ងៃសីលនេះ បានបញ្ជាក់អំពីថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វានផងដែរ។ នៅក្នុងប្រទេសកម្ពុជា ទង់ពុទ្ធសាសនា ត្រូវបានបង្ហាញឡើងដោយមានពណ៌ចំនួន៥ ដែលត្រូវបានគេជឿថា ភាយចេញពីព្រះកាយរបស់ព្រះពុទ្ធ ពេលដែលទ្រង់ត្រាស់ដឹង។ ពណ៌ទាំងនោះ មានដូចជា ខៀវ (តំណាងឲ្យក្តីមេត្តា) លឿង (តំណាងឲ្យផ្លូវកណ្តាល) ក្រហម (តំណាងឲ្យពរជ័យ) ស (តំណាងឲ្យសេចក្តីដែលនាំទៅរកសេរីភាព) និងទឹកក្រូច (តំណាងឲ្យគិតបណ្ឌិត)»។

យោងតាមសៀវភៅ ប្រជុំទំនៀមទម្លាប់ខ្មែរ បានឲ្យដឹងថា ឆពណ្ណរង្សី (មាន៦ណ៌) ផ្សាយជុំវិញព្រះកាយព្រះអង្គ ក្នុងកាលដែលព្រះអង្គបំពេញបរមត្ថបារមីទាំង ៦លើក រួមមាន៖

* ពណ៌ខៀវ៖ តំណាងកាលព្រះពុទ្ធយោនយកកំណើតជា ស្ដេចស្រីពិរាស្ត្រ មានឥន្រ្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូរបស់ព្រះអង្គ។ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូនោះ ដាក់ជាទានដល់ឥន្រ្ទព្រាហ្មណ៍។
* ពណ៌លឿង៖ តំណាងកាលព្រះអង្គយោនយកកំណើតជាវៃបណ្ឌិត មានព្រះឥន្រ្ទនិមិត្តធ្វើជាជាងទងមកសុំសាច់ព្រះអង្គ ដើម្បីបិទបំពេញពុទ្ធដិមាករ ដែលខ្វះខាត។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួន ឱ្យជាងទងនោះយកទៅឆ្នៃប្រើតាមបំណង។
* ពណ៌ក្រហម៖ តំណាងកាលព្រះអង្គយោនយកកំណើតជាមាណពឈ្មោះបទុមកុមារ មានមាតាត្រូវពស់ចឹកជិតមរណា ហើយគ្រូពេទ្យប្រាប់ថា មានតែឈាមចេញពីបេះដូងមនុស្សមួយមុខគត់ ដែលអាចព្យាបាលជំងឺបែបនេះបាន។ បទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួន ដើម្បីបិទពិសពស់ខាំមាតា ឱ្យមានជីវិតរស់ឡើងវិញ។
* ពណ៌ស៖ តំណាងកាលព្រះអង្គយោនយកកំណើតជា ព្រះវេស្សន្ដរ ហើយបានឱ្យដំរីស (បច្ច័យនាគ) ជាទានដល់ព្រាហ្មណ៍។
* ពណ៌ហង្សបាទ៖ តំណាងកាលព្រះអង្គយោនយកកំណើតជា វិជ្ជាធរ មានយក្សមាតាយកទៅ។ វិជ្ជាធរ ក៏អារសាច់របស់ខ្លួនឱ្យយក្សស៊ី ដើម្បីលោះយកមាតាមកវិញ។
* ពណ៌ឥន្ទនូ (ពណ៌ផ្លេក ឬចម្រុះ)៖ តំណាងកាលព្រះអង្គយោនយកកំណើតជាសត្វទន្សាយ មានឥន្រ្ទព្រាហ្មណ៍មកសុំសាច់ជាអាហារ។ ទន្សាយពោធិសត្វ ឱ្យសាច់ជាទាន់ដល់ឥន្រ្ទព្រាហ្មណ៍ ដោយលោតចូលទៅក្នុងភ្នក់ភ្លើង។

សូមបញ្ជាក់ថា ថ្ងៃ១៥ កើត ខែពិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណី ពុទ្ធសាសនា ពិសាខបូជា។ ពិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិត សម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកពិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាង ២៦០០ឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែក លើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ៕