(ភ្នំពេញ)៖ ក្នុងពិធីបុណ្យទក្ខិណានុប្បទានសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

ជាកិច្ចចាប់ផ្តើមនៃពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បាននាំយកនូវព្រះរាជសារ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជសារសម្តេច ព្រះវររាជមាតាជាតិខ្មែរ និងសារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងក្រុមគ្រួសារនៃសព។

ជាបន្តបន្ទាប់គណ:ប្រតិភូតាមក្រសួងស្ថាប័ននានាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពក្នុងនោះរួមមាន៖ ប្រតិភូ ក្រុមប្រឹក្សាធម្មនុញ្ញដឹកនាំដោយលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រតិភូរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ប្រតិភូក្រសួងមហាផ្ទៃដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ប្រតិភូទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ក្រៅពីក្រសួងដែលបានរៀបរាប់នេះ ថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នរបស់រដ្ឋដទៃទៀត ព្រមទាំងអស់លោក លោក ស្រីជាអភិបាលខេត្ត ថ្នាក់ដឹកនាំកាកបាទក្រហម និងថ្នាក់ដឹកនាំក្នុងវិស័យឯកមួយចំនួនក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពផងដែរ។

ក្រៅពីភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ រួមមានដូចជា ឯករដ្ឋទូតចិន ឯកអគ្គរដ្ឋទូតអាមេរិក ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតជប៉ុន និងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រទេសជាមិត្ត ដែលមាននិវេសនដ្ឋាននៅកម្ពុជាជាច្រើនរូបទៀត ក៏បានអញ្ជើញចូលរួមក្នុងគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រកបដោយភាពក្តុកក្តួល និងក្រៀមក្រំ។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ គណៈប្រតិភូទាំងអស់បានលំឱនកាយ គោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដោយសេចក្តីគោរពកតញ្ញូយ៉ាងជ្រៅ។ ថ្នាក់ដឹកនាំទាំងអស់ បានចាត់ទុកថា ការទទួលអនិច្ចកម្ម របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាការបាត់បង់មួយដ៏ធំធេង មាតាបង្កើត មាតាក្មេក ជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកូនចៅ ចៅទួត ព្រមទាំងបានលើកហត្ថ ប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ ដល់វត្ថុសក្តិសិទ្ធ ក្នុងលោក តេជៈបារមី ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមលោកជួយនាំដំណើរវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបា សិកាធម្មញ្ញាណវិវឌ្ឍនា ទៅកាន់ឋានសួគ៌ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតដោយប្រការណា មួយឡើយ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ គណៈប្រតិភូទាំងអស់បានអញ្ជើញសរសេរអក្សរចារលើសៀវភៅ និង ចុះហត្ថលេខាក្រាំងមាសចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ នៃសពរបស់អ្នក ឧកញ៉ា ព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ។

បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី ៣រូប និងប្រុស ១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប រួមមាន៖ លោកស្រី ប៊ុន សាមលេន, លោក គ្រី ទូច, លោក គ្រី សុខហាក់ ស្លាប់នៅក្នុងរបបប៉ុលពត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកស្រី ប៊ុន សុថា។

ពេលនៅមានជន្មាយុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាពុទ្ធសាសនិកជនមួយរូបពោរពេញដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនតម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។ ក្រៅពីជាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តមមួយរូបហើយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានចូលរួមធ្វើកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀតផងដែរ៕