(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសាទរក្រៃលែង ចំពោះសមិទ្ធិផលថ្មីៗជាច្រើន ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពិសេសគឺផ្លូវក្រាលកៅស៊ូថ្មីៗ៣ខ្សែកំពុងតែស្ថាបនា ដែលមិនធ្លាប់មានពីមុនមក ឥឡូវត្រូវបានលេចចេញរូបរាងជាបណ្តើរៗចំនួន៣ខ្សែ ដែលមានប្រវែងប្រមាណជាង៩គីឡូម៉ែត្រ ដោយតភ្ជាប់ចំនួន ៣ឃុំ ក្នុងស្រុករលាប្អៀរ។

ផ្លូវក្រាលកៅស៊ូទាំង៣ខ្សែនេះ ជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនពលរដ្ឋក្នុងស្រុករលាប្អៀរ ដែលបច្ចុប្បន្នបាននិងកំពុងតែស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ បានប្រមាណជា៥០ភាគរយហើយ។ ផ្លូវក្រាលកៅ ស៊ូទាំង៣ខ្សែខាងលើនេះផងដែរ គឺជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន។

តំណាងប្រជាពលរដ្ឋ បានរៀបរាប់ឲ្យដឹងថា ពួកគាត់រំភើបចិត្តឥតឧបមា ដែលទទួលបានផ្លូវក្រាលកៅស៊ូលាតសន្ឋឹងកាត់ពីមុខលំនៅឋានរបស់ពួកគាត់ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ព្រោះតាំងពីតូចរហូតដល់ចំណាស់នេះទៅហើយ នៅក្នុងភូមិឃុំរបស់ពួកគាត់ដែលជាតំបន់ជនបទ គឺពុំដែលមានផ្លូវក្រាលកៅស៊ូកាត់ក្នុងភូមិឋានរបស់ពួកគាត់ដូចពេលនេះឡើយ។ ពលរដ្ឋបន្តថា ពីដើមមកគឺមានតែផ្លូវលំ និងផ្លូវរទេះតែប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋ ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយផ្លូវរទេះ និងផ្លូវលំ ឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែង ជាក់ស្ដែងដូចជានៅក្នុងមូលដ្ឋានរបស់ពួកគាត់ខាងលើនេះ។ សមិទ្ធផលទាំងនេះហើយ ដែលធ្វើឲ្យពួកគាត់សប្បាយចិត្តក្រៃលែង រកអ្វីមកប្រៀបមិនបានឡើយ បើទោះជាពួកគាត់មានវ័យចំណាស់ទៅហើយក៏ដោយ ក៏សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ។

លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហមចំនួន៣ខ្សែនេះ មានប្រវែងជាង៩គីឡូម៉ែត្រ នឹងត្រូវចាក់កៅស៊ូពង្រីកទទឹងឲ្យបាន ១២ម៉ែត្រ កម្ពស់ផ្លូវចាប់ពី១.៥ម៉ែត្រទៅ២ម៉ែត្រ មានលូ និងស្ពានកាត់ទទឹងជាច្រើនកន្លែង និងមានប្រឡាយអមសងខាងផ្លូវ។ ផ្លូវទាំង៣ ខ្សែនេះ គឺជាការផ្តល់ជូនពីរាជរដ្ឋាភិបាល តាមរយៈជំនួយឥតសំណងពីសាធារណៈរដ្ឋប្រជាមានិតចិន និងស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ។

លោកអភិបាលស្រុក បានបន្តថា ផ្លូវនេះនឹងត្រូវបញ្ចប់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២០នេះផងដែរ។ លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនូវគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជាប្រទេសជាតិយើងកំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លងកូវីដ-១៩យ៉ាងមមាញឹកក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលនៅតែមិនបោះបង់ក្នុងការអភិវឌ្ឍន៍នោះឡើយ ពិសេសចំពោះហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលផ្សេងៗ។

លោកអភិបាលស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែររក្សានូវសមិទ្ធិផលថ្មីៗនេះទាំងអស់គ្នា ដើម្បីរក្សានូវគុណភាពផ្លូវឲ្យបានយូរអង្វែង ព្រោះវាជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។ ដោយឡែក ចំពោះអ្នកដែលមានរថយន្តដឹកទំនិញ ឬក៏រថយន្តដឹកដី ធ្វើយ៉ាងណាសូមកុំផ្ទុកលើសទម្ងន់កំណត់ ដែលវាអាចនាំឲ្យបំផ្លាញផ្លូវថ្នល់៕