(បន្ទាយមានជ័យ)៖ ដើម្បីលើកម្ពស់វិស័យកសិកម្ម ក៏ដូចជាជួយដល់កសិករ កម្មករ ដែលរងផលប៉ះពាល់ពីជំងឺ COVID-19 និងដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយ និងផ្គត់ផ្គងគ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺ COVID-19»។

សិក្ខាសាលាធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លី សារី អភិបាលរងខេត្ត តំណាងលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមអ្នកពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេឃុំ-សង្កាត់ បានចូលរួមនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំ លោកអភិបាលខេត្ត សូមថ្លែងនូវអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំសិក្ខាសាលាដ៏មានន័យ ក៏ដូចជាផ្តល់គ្រាប់ពូជដល់បងប្អូនដែលរង ផលប៉ះពាលដោយសារតែជំងឺ COVID-19 ក្នុងការដាំដុះសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកបណ្ឌិត វង់ សណ្តាប់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះ នៃអគ្គនាយកដ្ឋានកសិកម្ម បានផលិតគ្រាប់ពូចបន្លែសុទ្ធល្អចំនួន២៥តោន ជារៀងរាល់ឆ្នាំ សម្រាប់កិច្ចអន្តររាគមន៍ផ្សេងៗ ក៏ដូចជាជួយដល់កសិករដែលមានបំណងចង់ដាំដុះបន្លែបង្ក។

លោកបន្ថែមថា សម្រាប់កាចែកគ្រាប់ពូជបន្លែ រួមមាន៖ ពោតដំណើប, ល្ពៅ, ស្ពៃចង្កឹះ, ស្ពៃខៀវ, ត្រកួន, សណ្តែកគួរ, ត្រប់វែង, ត្រប់ក្រាំងរមាស និងប៉េងបោះ សម្រាប់ចែកជូនបងប្អូនប្រជាកសិករយើង នៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីយកទៅធ្វើការដាំដុះសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសាររបស់ពួកគាត់ ក៏ដូចជាអាចជួយបំពេញតម្រូវការទីផ្សារដែលកំពុងខ្វះខាត់បងផងដែរ។

គូរបញ្ជាក់ថា ជាគោលការណ៍ក្នុងការបែងចែកគ្រាប់ពូជបន្លែនេះ គឺផ្តល់ជូនដល់គ្រួសារកសិករដោយឥតគិតថ្លៃ ដើម្បីជំរុញលើការងារដាំដុះបន្លែសុវត្ថិភាព ជាលក្ខណៈគ្រួសារ ជាពិសេសផ្តល់អាទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ និងគ្រួសារកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ដែលត្រូវផ្អាក ឬព្យួរការងារដោយសារផលប៉ះពាល់ដោយសារជំងឺ COVID-19 ដោយក្នុងនោះមួយគ្រួសារ ទទួលបាន៤មុខដំណាំ ស្មើនឹង៦កញ្ចប់៕