(កណ្ដាល)៖ ជនទំនើងកាចសាហាវ២នាក់ដៃគូគ្នា ប្រដាប់ដោយដាវសាមូរ៉ៃរបស់ជប៉ុន បានស្រែកឡូឡាជារៀងរាល់ល្ងាច ប្រកូកប្រកាសហៅជើងខ្លាំងកាប់ដូយ២ស្មើ ជារៀងរាល់ថ្ងៃ ដែលបង្កឱ្យមានការភ័យខ្លាចដល់អ្នកភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលជារៀងរាល់ថ្ងៃ។

ដោយសារទ្រាំមិនបាននឹងកាយវិការសាហាវយង់ឃ្នងរបស់ជនងទំនើងមួយគូនេះ ពលរដ្ឋបានប្ដឹងនគរបាល ឱ្យចាប់ខ្លួនពួកគេបានសម្រេចនៅថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ។

នគរបាលបានរៀបរាប់ប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីអ្នកភូមិបារ៉ែនក្រោមថា មានករណីជនទំនើងដើរកាន់ដាវសាមូរ៉ៃបបួលអ្នកភូមិកាប់ចាក់គ្នាភ្លាម កម្លាំងបានចេញប្រតិបត្តិការតាមចាប់ខ្លួនបានទាំង២នាក់ នៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង នាល្ងាចថ្ងៃទី៥ ខែឧសភា បានយ៉ាងក្ដៅៗទាន់ហេតុការណ៍តែម្ដង ពេលជនទាំង២នេះកំពុងបើកសេចក្ដីប្រកាសរកដៃគូរកាប់ចាក់ប្រកួតលើសង្វៀនបង្ហូរឈាម គ្មានកោតក្រែងញញើតសមត្ថកិច្ចប៉ុនសរសៃសក់នោះ។

ប្រភពបន្តថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ដូចជា៖

១៖ ឈ្មោះ ទី ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
២៖ ឈ្មោះ ភឿន ចិត្រា ហៅប្រុសភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីនគរបាល បញ្ជាក់ពីដំណើរសាច់រឿងថា នៅរៀងរាល់ល្ងាចពួកជនសង្ស័យតែងតែកាន់ដាវ និងកាំបិតដើរតាមផ្លូវ បង្កភាពភ័យខ្លាចដល់អ្នកស្រុកជាខ្លាំង។ លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋ (ជនរងគ្រោះ) បានអង្គុយក្រោមផ្ទះរបស់ពួកគាត់រៀងៗខ្លួន។ ពេលនោះមានឈ្មោះ ទី ចាន់ធា និងឈ្មោះ ភឿន ចិត្រា ហៅប្រុស បានដើរកាន់កាំបិតផ្គាក់ និងដាវសាមូរ៉ៃពីត្បូងមកជើង ហើយស្រែកគំរាមថា «ចេញមកអញកាប់ចោលឥឡូវ» ធ្វើឲ្យពួកគាត់ភិតភ័យយ៉ាងខ្លាំង។

នគរបាលបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕