(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន HODO GROUP បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២ម៉១២ទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកមរណទុក្ខនោះ មានខ្លឹមសារថា៖ «យើងខ្ញុំមានអារម្មណ៍ក្តុកក្តួលឈឺចាប់ជាខ្លាំង ពេលទទួលដំណឹងមរណភាពរបស់ អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ ខ្ញុំសូមតំណាងនិយោជិកទាំងអស់របស់ក្រុមហ៊ុន HODO GROUP និងម្ចាស់ភាគហ៊ុន ព្រមទាំងនិយោជិកទាំងអស់របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។

អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសប្បុរសធម៌ ក្នុងប្រទេសកម្ពុជា។ ទឹកចិត្តសប្បុរសធម៌របស់ អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គួរឱ្យគោរព។ មរណភាពរបស់ អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនៃឥស្សរជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និងអាណាចក្រ សម្រាប់ប្រជាជនកម្ពុជាទាំងមូល និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សូម អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតចូលរួមរំលែកមរណទុក្ខ៖