(កំពង់ឆ្នាំង)៖ គិតចាប់តាំងពីនគរបាលចរាចរណ៍ផ្តើមអនុវត្តន៍រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយគិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មកដល់ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២០នេះ អាជីវករលក់មួកសុវត្ថិភាពនៅកំពង់ឆ្នាំងសប្បាយចិត្ត នឹងការលក់ដូររបស់ពួកគាត់ណាស់ ដែលលក់ដាច់ជាហូរហែររាល់ថ្ងៃ ដាច់ច្រើនជាងពេលមុនៗ រហូតដល់១គុណនឹង១០ឯណោះ។

ក្រុមអាជីវករបានអះអាងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មួកសុវត្ថិភាពលក់ដាច់លើសពីពេលរាល់ដងស្មើ១គុណនឹង១០ដង ដោយសារតែអ្នកមកទិញគឺគាត់ព្រួយបារម្ភ នឹងការផាកពិន័យរបស់នគរបាលចរាចរណ៍ ដែលកំពុងតែអនុវត្តច្បាប់ដោយគ្មានការយោគយល់ឡើយ។

អាជីវករលក់មួកសុវត្ថិភាពជាច្រើននាក់នៅផ្សារលើក្នុងខេត្តកំពង់ឆ្នាំង បាននិយាយថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមក ក្នុងមួយថ្ងៃពួកគាត់លក់មួកសុវត្ថិភាពដាច់អស់ ចន្លោះពី៤០ទៅ៥០មួក។ ចំនួននេះវាលើសពីតួលេខដែលពួកគាត់លក់រាល់ថ្ងៃមុនការរឹតបណ្តឹងច្បាប់ចរាចរណ៍រហូតដល់ទៅ១០ដង ព្រោះកាលមុនពួកគាត់លក់ ដាច់អស់ត្រឹមពី២ទៅ៣មួកក្នុង១ថ្ងៃតែប៉ុណ្ណោះ។

ដោយឡែកអ្នកទិញមួកសុវត្ថិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភាគច្រើនទិញផ្ញើរឱ្យគ្នីគ្នា និងសមាជិកគ្រួសាររបស់ពួកគេ ដែលនៅឯផ្ទះគ្មានមួកពាក់ដើម្បី ជិះម៉ូតូមកផ្សារ ឬក៏ជិះឆ្លងកាត់ទីប្រជុំជនផ្សេងៗ ដែលមានប៉ូលីសចរាចរណ៍ឈរជើងចាំធ្វើការផាកពិន័យ អ្នកធ្វើដំណើដែលមិនគោរពច្បាប់ចរាចរណ៏។ ចំពោះតម្លៃមួក សុវត្ថិភាពវិញ គឺពួកគាត់មិនបានដំឡើងថ្លៃឡើយ បើទោះបីជាលក់ដាច់ជាងរាល់ដងក៏ដោយ គឺតម្លៃមួកសុវត្ថិភាពដែលអាជីវករលក់នៅផ្សារលើកំពង់ឆ្នាំង មានតម្លៃចាប់ពី ១២,០០០រៀល រហូតដល់៦ម៉ឺនរៀល ទៅតាមសេរី ឬប្រភេទរបស់មួក។

ប្រជាពលរដ្ឋម្នាក់ដែលកំពុងរើសមើលមួកសុវត្ថិភាពដើម្បីទិញឲ្យកូនស្រីរបស់ខ្លួន បាននិយាយថា ប៉ុន្មានថ្ងៃមកនេះគាត់បានឃើញព័ត៌មាន និងនគរបាលចរាចរណ៍ ចាប់ផាកពិន័យអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពច្រើន និងបានពិន័យអ្នកដែលមិនពាក់មួកសុវត្ថិភាព ក្នុង១នាក់ពិន័យចំនួន ៦ម៉ឺនរៀល ហើយគាត់ខ្លាចនគរបាល ចរាចរណ៍ផាកពិន័យ ក៏ប្រញាប់មកទិញមួកសុវត្ថិភាពឲ្យកូនស្រីគាត់ ដែលទើបមានអាយុក្រោម១០ឆ្នាំ ព្រោះគាត់ត្រូវឌុបកូនស្រីទៅមកសាលារៀនរាល់ថ្ងៃ មិនអាចគេចវេសពីនគរបាលចរាចរណ៍បានឡើយ។

ម្យ៉ាងវិញទៀតមួកសុវត្ថិភាព១ តម្លៃតែ១ម៉ឺន២ពាន់រៀលទេ តែបើនគរបាលចរាចរណ៍ផាកវិញគឺអស់ដល់ទៅ ៦ម៉ឺនរៀលឯណោះ គឺគាត់ជ្រើសរើសយកមួកហើយ ព្រោះវាអាចគេចផុតពីការផាកពិន័យ របស់សមត្ថកិច្ច និងក៏អាចការពារជីវិតកូនរបស់គាត់បានទៀតផង ប្រសិនបើជួបគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ។

សូមបញ្ជាក់ថា នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ជំពូកទី៣ មាត្រាទី៨ បានចែងថា ទោចក្រយានយន្តអាចផ្ទុកមនុស្ស២នាក់ និងអាចបន្ថែមបានកុមារម្នាក់។ អ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុ៣ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។ តាមច្បាប់ថ្មីនេះបើអ្នកបើកបរទោចក្រយានយន្ត មិនពាក់មួកសុវត្ថិភាព នឹងរងការពិន័យគុណនឹង៤ដងនៃច្បាប់ចាស់ស្មើនឹង៦ម៉ឺនរៀល៕