(កំពង់ធំ)៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន នៅចំណុចចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយបានឃាត់ខ្លួនជនសង្ស័យ១នាក់ និងដកហូតបានម្សៅក្រាមពណ៍ ស ថ្លា សង្ស័យជា សារធាតុញៀនខុសច្បាប់ ចំនួន១៤កញ្ចប់ ទម្ងន់២៥ក្រាម និងទូរស័ព្ទដៃចំនួន០១ គ្រឿង។

ប្រភពពីកម្លាំងនគរបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ករណីខាងនេះសមត្ថភាពជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យ
ប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីកសាងនីតិវិធីចាត់ការបន្ត៕

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជានិច្ចកាលតែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយល់ដឹងអំពីឥទ្ធិពលនៃគ្រឿងញៀន ហើយចូលរួមក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដោយចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ នៅពេលដែលជួបប្រទះករណីជួញដូរសារធាតុញៀន ខុសច្បាប់ សូមបងប្អូនសហការមកសមត្ថកិច្ចជំនាញ បានទាន់ពេលវេលា ដើម្បីសមត្ថកិច្ចមានវិធានការ បង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឈានទប់ស្កាត់លុបបំបាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀន៕