(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ នគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លូនជនសង្ស័យឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័ករណីធ្វើសកម្មភាព គំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសនះ កុរោយបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ហើយធ្វើសកម្មភាព គំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធដោយខុសច្បាប់ និងឆបោក។ ការឃាត់ជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួន ឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ។ ការឃាត់ខ្លួននេះ ក៏មានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះ ចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារគំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយ អាវុធខ្លីមួយដើម ម៉ាក Glock 26 គ្មានលិខិតប្រើប្រាស់ ៕