(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២០នេះ អង្គប្រជុំបានសម្រេចធ្វើសំណើ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤នាក់ (ស្រី ០៨នាក់)។

បើតាមលោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fres News នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតទាំង ៨៤នាក់នោះ រួមមាន៖

* បន្ថយទោស៦ខែ ចំនួន ៣៤នាក់ (ស្រី ០៣នាក់)
* បន្ថយទោស៩ខែ ចំនួន ២១នាក់ (ស្រី ០១នាក់)
* បន្ថយទោស១២ខែ ចំនួន ១៩នាក់ (ស្រី ០២នាក់)
* លើកលែងទោស ចំនួន ១០នាក់ (ស្រី ០២នាក់)។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យពិសាខបូជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ។ បើតាមក្រសួងយុត្តិធម៌ បញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ២៧៣នាក់ (ស្រី២៤នាក់)។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០កន្លងទៅ ទណ្ឌិត១៥៥នាក់ ត្រូវបានព្រះមហាក្សត្របន្ថូរបន្ថយ និងលើកលែងទោសតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕