(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហោះព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ពេលព្រះយាងសួរសុខទុក្ខអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ពេលនៅមានជន្មាយុកាលពីថ្ងៃទី២២ ខែមករា កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានក្បែរវិមានឯករាជ្យ។

តាមរយៈទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការយាងសួរសុខទុក្ខម្តាយក្មេកសម្តេចពីសំណាក់ព្រះមហាក្សត្រី ជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់រាប់អានរបស់សម្តេចព្រះមហាក្សត្រី ចំពោះក្រុមគ្រួសារសម្តេច។ ជាពិសេសជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់សម្តេច។

សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះ «នេះជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែ ចំពោះក្រុមគ្រួសារទូលព្រះបង្គំពិសេសជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ទួលព្រះបង្គំជាខ្ញុំ»

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានមនោសញ្ចេតនា សណ្តោសប្រណីយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន។ កាលពីពេលដែលព្រឹទ្ធាចារ្យ ហ៊ុន នាង បិតាបង្កើតរបស់សម្តេចតេជោ បានទទួលមរណភាពកាលពីឆ្នាំ២០១៣ ព្រះអង្គទាំងទ្វេបានយាងផ្តល់ព្រះកិត្តិយសដ៏ឧត្តុងឧត្តមគោរពវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធាចារ្យ ហ៊ុន នាង។

ដោយឡែកសម្រាប់ការទទួលមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាពេលនេះ ព្រះអង្គទាំងទ្វេមិនបានយាងគោរពព្រះវិញ្ញាណក្ខន្ធនោះឡើយ ដោយព្រះអង្គកំពុងយាងពិនិត្យព្រះរាជសុខភាពនៅឯរដ្ឋធានីប៉េកាំង ប្រទេសចិន។

បើទោះបីមិនបានយាងគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់យ៉ាងណាក្តី តែព្រះអង្គទាំងទ្វេក៏បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារផងដែរ។

ក្នុងព្រះរាជសារចូលរួមរំលែកមរណទុក្ខនោះ ព្រះអង្គទាំងទ្វេ ទ្រង់សោកស្ដាយដ៏ជ្រាលជ្រៅបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។

ព្រះអង្គទាំទ្វេទ្រង់ចាត់ទុកមរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជន ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជាកុលធីតាដ៏ល្អប្រពៃឧត្តុង្គឧត្តមមួយរូប នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា៕