(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានឈានជើងចូលក្នុងទីផ្សារមូលបត្រកម្ពុជា ដោយបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម (មូលបត្របំណុល) ក្នុងទំហំទឹកប្រាក់ប្រមាណ១២៧,២ប៊ីលានរៀល (៣១,៨លានដុល្លារអាមេរិក)។

យោងតាមសេចក្ដីជូនដំណឹង របស់ផ្សារមូលបត្រកម្ពុជា (CSX) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា សញ្ញាបណ្ណសាជីវកម្មនេះ ឈ្មោះថា «សញ្ញាបណ្ណសាជីវកម្មប្រាសាក់» ជាសញ្ញាបណ្ណមានបុគ្គលធានា ដែលមានទំហំសរុប១២៧.២ប៊ីលានរៀល (ប្រមាណ៣១.៨លានដុល្លារ) ជាមួយអត្រាគូប៉ុង ៧.៥ភាគរយក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះទៅ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាថ្លែងឲ្យដឹងថា «ការសម្រេចចុះបញ្ជីលក់មូលបត្របំណុល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងស្ថានភាពបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញថា វិនិយោគិនមានទំនុកចិត្តខ្លាំង ចំពោះភាពរឹងមាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏ដូចជាមានទំនុកចិត្ត ចំពោះកិច្ចការងារត្រួតពិនិត្យរបស់ គណៈកម្មការមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលមានច្រើនចំពោះផ្សារមូលបត្រកម្ពុជា»។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុន CSX លើកឡើងថា គិតត្រឹមថ្ងៃចុះបញ្ជីនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនសរុបចំនួន១១ ដែលបានប្រមូលទុនពីទីផ្សារមូលបត្រ សរុបប្រមាណជាង២២៣លានដុល្លារ។ ត្រឹមរយៈពេល៥ខែឆ្នាំ២០២០នេះ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន ចុះបញ្ជីលក់មូលបត្របំណុលចំនួន៣ក្រុមហ៊ុន ព្រមទាំងរំពឹងថា នឹងមានក្រុមហ៊ុននានាចុះបញ្ជីជាបន្ដបន្ទាប់។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លើកឡើងថា ការបោះផ្សាយលក់មូលបត្របំណុលនេះ ផ្ដល់ឲ្យប្រាសាក់ នូវប្រភពទុនរយៈពេលវែងថ្មីមួយទៀត ដែលអនុញ្ញាតឲ្យ ប្រាសាក់ពង្រីកសក្ដានុពលរបស់ខ្លួន ក្នុងការផ្ដល់ឥណទានជាប្រាក់រៀល ជូនប្រជាជនកម្ពុជា និងផ្ដល់ជូនគុណវឌ្ឍយ៉ាងពេញលេញដល់ប្រាសាក់ ក្នុងនាមគ្រឹះស្ថានដែលមានស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ និងមានតម្លាភាពហិរញ្ញវត្ថុ និងអនុវត្តបានពេញលេញតាមបទប្បញ្ញត្តិនានា៕