(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ដោយបន្សល់នូវភាពសោកសៅ ប៉ះពាល់សេដ្ឋកិច្ចជាតិ និងគ្រួសារ និងបង្កផលលំបាកជាច្រើនក្នុងសង្គម។ ការដាក់ចេញវិធានការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការផាកពិន័យខ្ពស់ជាងមុន ដ្បិតថា នាំឱ្យមានភាពរកាំរកូសខ្លះរវាងមន្ត្រីនគរបាលចរាចរណ៍ និងម្ចាស់យានយន្តយ៉ាងណាក្តី តែវិធានការនេះបានរួមចំណែកជំរុញឱ្យម្ចាស់យានយន្តភ្ញាក់រលឹកចូលរួមក្នុងច្បាប់ចរាចរណ៍។

ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ជាអ្នកជិះម៉ូតូនៅតែមានចំនួនច្រើនរហូតដល់ ៧៨ភាគរយ, ជនរងគ្រោះជាកម្មករចំនួន ៣៤ភាគរយ កសិករ ៣៣ភាគរយ សិស្សចំនួន ១០ភាគរយ, វ័យនៃជនរងគ្រោះមានក្រោមអាយុ ១៧ឆ្នាំ ចំនួន ១១ភាគរយ ពីអាយុ ១៨ ដល់ ៤៥ឆ្នាំមានចំនួន ៧០ភាគរយ និងអាយុ ៤៦ឆ្នាំឡើង មានចំនួន ១៩ភាគរយ។

របាយការណ៍បង្ហាញថា ក្នុងចំណោមជនរងគ្រោះជិះម៉ូតូប្រមាណ ៧៨ភាគរយនេះ អ្នកមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញពីអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានសម្រេចជ្រើសយកឆ្នាំ២០២០ ជាឆ្នាំប្រកាសអាសន្ន និងដាក់វិធានការតឹងរឹងក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍។

ទន្ទឹមនឹងការដាក់ចេញវិធានការក្តៅរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ អនុក្រឹត្យស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ថ្មីមួយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានការផ្តន្ទាទោស និងពិន័យជាប្រាក់ខ្ពស់ជាអនុក្រឹត្យ២ទៅ៣ដង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា ការសម្រេចផាកពិន័យធ្ងន់ធ្ងរលើអ្នកបើកបរល្មើសច្បាប់នេះ មិនមែនចង់ជំរិតយកប្រាក់របស់ប្រជាពលរដ្ឋនោះឡើយ តែជាការដាក់ចេញវិធានការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដែលស្លាប់លើដងវិថីយ៉ាងអាណោចអាធមជារៀងរាល់ថ្ងៃនោះ។

ចាប់តាំងពីវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការផាកពិន័យខ្ពស់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ គេបានសង្កេតឃើញថា ម្ចាស់យានយន្តទាំងឡាយបានភ្ញាក់រលឹកច្រើនក្នុងការអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍។ តាមរយៈការសាកសួរទៅលើអ្នកបើកបរយានយន្តភាគច្រើន បានបង្ហាញពួកគេមានការប្រុងប្រយ័ត្នខ្ពស់ពេលបញ្ជាយានយន្តលើដងវិថី ដោយពិនិត្យផ្លាកសញ្ញា ភ្លើង និងគំនូសចរាចរណ៍ជាដើម។

មិនត្រឹមតែមានស្មារតីខ្ពស់ពេលបញ្ជាយានយន្តលើដងវិថីនោះ នៅមុនពេលចាប់ផ្តើមបញ្ជាយានយន្តពួកគេបានពិនិត្យពិច័យលក្ខណៈរួចជាស្រេចមុនចេញដំណើរ ដូចជាពិនិត្យថា មានពាក់ខ្សែក្រវាត់ការពារសុវត្ថិភាពហើយឬនៅ? មានពាក់មួកសុវត្ថិភាពហើយឬនៅ? និងការត្រៀមលក្ខណៈសម្បត្តិផ្សេងៗទៀត ដើម្បីកុំឱ្យខុសនឹងច្បាប់ពេលបើកបរយានយន្តលើដងវិថី។

ទឡ្ហីករណ៍មួយទៀតដែលបង្ហាញថា ម្ចាស់យានយន្តភ្ញាក់រលឹកក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនោះ គឺចាប់តាំងពីពេលសមត្ថកិច្ចប្រកាសរឹតបន្តឹងការអនុវត្តន៍ច្បាប់នេះ គេបានឃើញម្ចាស់យានយន្តជាច្រើនយកយានយន្តទៅពិនិត្យលក្ខណៈបច្ចេកទេស និងធ្វើបណ្ណបើកបរ។

របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានអ្នកយករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសរហូតដល់ ៣១,២៥៩គ្រឿង។

សម្រាប់អ្នកទៅប្តូរ ឬពន្យារបណ្ណបើកបរនៅមណ្ឌលផ្តល់បណ្ណបើកបរនៅអ៉ីអន១ និងអ៉ីអន២ ក៏មានចំនួនច្រើនមិនធ្លាប់មានផងដែរ។ របាយការណ៍បង្ហាញថា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា មណ្ឌលទាំងពីរនេះ បានចេញបណ្ណបើកបរយានយន្តរហូតដល់ ២,៩៧៦សន្លឹក។

រឿងល្អមួយទៀតក្រោយពេលការរឹតបន្តឹងច្បាប់ចរាចរណ៍រយៈពេល៤ថ្ងៃកន្លងទៅនេះ របាយការណ៍បានបង្ហាញដែរថា អត្រាគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះរហូតដល់ទៅពាក់កណ្តាល។ មន្ត្រីបានមើលឃើញថា ការធ្លាក់ចុះនៃអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ អាចកើតចេញពីការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ។

ការរឹតបន្តឹងច្បាប់ចរាចរណ៍ជាមួយការផាកពិន័យធ្ងន់ធ្ងរនេះ មិនមែនមានតែកម្ពុជានោះឡើយ ប្រទេសជិតខាងកម្ពុជា និងប្រទេសរីកចម្រើនជឿនលឿនលើលោកជាច្រើនទៀត សុទ្ធតែបានធ្វើរួចហើយ ដើម្បីរបៀបរៀបរយ និងសណ្តាប់ធ្នាប់លើដងវិថី ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

បើទោះបីជាយ៉ាងណាការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍រយៈពេល៤ថ្ងៃកន្លងទៅនេះ មានលេចចេញភាពប្រទាំងប្រទឹសគ្នាមួយចំនួនរវាងមន្ត្រីនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋល្មើសច្បាប់។ ភាពប្រទាំងប្រទឹសអាចកើតមានដោយសារឥរិយាបថរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូច ដែលខ្វះយន្តការសម្របសម្រួល និងភាពអត់ធ្មត់នៅពេលអ្នកល្មើសច្បាប់មិនអនុវត្តន៍តាមច្បាប់។

មួយវិញទៀតគេមើលឃើញថា ការចាប់ផ្តើមអនុវត្តន៍វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ហាក់មានការមិនយល់ចិត្តគ្នាច្រើនរវាងអ្នកដាក់ចេញគោលការណ៍ និងអ្នកអនុវត្តន៍នៅតាមគោលដៅនានា ពោលអ្នកអនុវត្តន៍នៅតាមគោលដៅហាក់បានធ្វើពីគោលការណ៍ណែនាំ។ ជាក់ស្តែងជាគោលការណ៍តម្រូវឱ្យយកចិត្តទុកដាក់ទៅលើបទល្មើសចំនួន៧ (មិនពាក់សុវត្ថិភាព, មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍, ល្មើសក្នុងការបត់ ការវ៉ាជែង, ការដឹកលើសចំណុះ, ស្រវឹង, គ្មានផ្លាកលេខ និងទូរស័ព្ទពេលបើកបរ ) សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់៤ និងបទល្មើសចំនួន៩ សម្រាប់យានយន្តធុលស្រាល និងយានយន្តធុនធ្ងន់ (ល្មើសល្បឿន, ស្រវឹង, គ្មានបណ្ណបើកបរ, មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍, ល្មើសក្នុងការបត់ ការវ៉ាជែង, មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ការដឹកលើសចំណុះ, គ្មានផ្លាកលេខ/បណ្ណសម្គាល់យាន និងទូរស័ព្ទពេលបើកបរ)។ ក៏ប៉ុន្តែមន្ត្រីអនុវត្តន៍នៅតាមគោលដៅ បានធ្វើលើសពីអ្វីដែលបានកំណត់ និងដាក់ចេញនេះ ដែលនាំឱ្យមានប៉ះទង្គិចមួយចំនួនកើតឡើងរវាងអ្នកអនុវត្តន៍ និងម្ចាស់យានយន្ត។

ដ្បិតថាការចាប់ផ្តើមរឹតបន្តឹងការអនុវត្តន៍ច្បាប់នេះមិនមែនជាលើកដំបូងសម្រាប់កម្ពុជាក្តី តែប្រជាពលរដ្ឋភាគច្រើនមិនទាន់បានយល់ បានជ្រូតជ្រាបពីច្បាប់ចរាចរណ៍ និងស្មារតីនៃការគោរពច្បាប់នៅមានកម្រិតទាបនៅឡើយ។ ដូច្នេះការអនុវត្តន៍ច្បាប់នេះមិនអាចធ្វើដោយបង្ខំនោះឡើយ ត្រូវធ្វើដោយសន្សឹមៗដូចភ្លៀងរលឹម ដោយភ្ជាប់ជាមួយគោលការពន្យល់ ណែនាំ និងអប់រំឱ្យបានច្រើនបំផុត ដើម្បីឱ្យម្ចាស់យានយន្តបានយល់ និងព្រមទទួលយកនូវបំណងរបស់អ្នកអនុវត្តន៍ច្បាប់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈគណនី Facebook របស់ខ្លួន ក៏បានស្នើមន្ត្រីនគរបាលពិនិត្យមើលតែរឿង «រំលោភ» ច្បាប់ចរាចរណ៍ធំធេង។ លោករដ្ឋមន្ត្រី បានរំលឹកទៀតថា ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ មិនមែនតែ១អាទិត្យ ឬ១ខែនេះទេ។

សារនេះ គឺលោករដ្ឋមន្ត្រីចង់ឱ្យកងកម្លាំងនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្តន៍ច្បាប់មានភាពបត់បែន និងទន់ភ្លន់ ដោយមិនអាចធ្វើដោយបង្ខំក្នុងការអនុវត្តន៍ច្បាប់ ដែលនាំឱ្យមានការប្រទាំងប្រទឹសខ្លាំងជាមួយប្រជាពលរដ្ឋជាម្ចាស់យានយន្តនោះឡើយ។

ជារួមមកច្បាប់ចរាចរណ៍ត្រូវតែអនុវត្តន៍ដោយមិនរាថយ ដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរាយលើដងវិថី ជាពិសេសដើម្បីទប់ស្កាត់ការស្លាប់រង្គាលរបស់ពលរដ្ឋខ្មែរលើដងវិថី។ ក៏ប៉ុន្តែការអនុវត្តន៍ត្រូវតែធ្វើសន្សឹមមិនអាចបង្ខំ ហើយត្រូវធ្វើជារៀងរហូត មិនមែនត្រឹមមួយរយៈពេលខ្លី ក៏ស្ងប់ស្ងាត់ទៅវិញ ដូចការអនុវត្តន៍នាពេលកន្លងមកនោះឡើយ។ បើអនុវត្តន៍មួយប្រាវដូចភ្លើងចម្បើងហើយស្ងប់ស្ងាត់ទៅវិញ ប្រជាពលរដ្ឋដែលមិនទាន់បន្ស៉ាំខ្លួនទៅនឹងច្បាប់ចរាចរណ៍នោះ នឹងភ្លេចទៅវិញជាក់ជាមិនខាន៕

ដោយ៖ វ៉ាន់ សារាយ