(កំពង់ស្ពឺ)៖ ក្រៅពីការងារការពារជាតិ ការពារសន្តិសុខជូនពលរដ្ឋ និងការពារបូរណភាពទឹកដីនៅលើសមភូមិ អង្គភាពយោធភូមិភាគទី៣ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើង មេបញ្ជាការយោធភូមិទី៣ បានពង្រឹងកម្លាំងស្នូល ព្រមទាំងអភិវឌ្ឍអង្គភាព ថែមទាំងបានជួយឧបត្ថម្ភគាំទ្រដល់ការងារសង្គម បម្រើឱ្យចំពោះមានខ្វះខាត និងជនងាយរងគ្រោះ តាមរយះកាកបាទក្រហម បន្ថែមផងដែរ។

ជាក់ស្តែងបញ្ជាការដ្ឋានយោធភូមិទី៣ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាប្រតិបត្តិការសិករង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បាននាំថវិកា ចំនួន១៦,៣៨៧,០០០រៀល ដែលបានមកពីការបរិច្ចាកថាវិកា របស់អង្គភាព ជូនដល់សាខាកាកបាទក្រហម ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌នូវតាមរយៈលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត។

លោក វ៉ី សំណាង បានថ្លែងថា រាល់សម្ភារៈ និងថវិកា ដែលសាខាកាកបាទក្រហមទទួលបាន តែងតែយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ហើយធ្វើឡើងចំគោលដៅដែលបានកំណត់ ក្នុងមានមនុស្សចាស់គ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ ទុរគតជន និងអ្នកគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុឯទៀត ស្របតាមគោលការណ៍គ្រឹះ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចតែងតែដាស់តឿនក្រើនរំលឹកដល់សាខាកាកបាទក្រហមរាជធានី/ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋណាខ្វះខាតស្បៀងអាហារ គ្រប់ច្រកល្ហកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។

ក្នុងពិធីប្រគល់ទទួលនោះដែរ ក្នុងនាមលោកជាប្រធានកាកបាទក្រហមខេត្ត បានអំពាវនាវដល់សប្បុរសជនទាំងអស់ ក្នុងខេត្ត និងក្រៅខេត្ត មេត្តាបន្តបរិច្ចាគទាំងសម្ភារ ថវិកា ដល់សាខាកាកបាទក្រហម ដើម្បីសាខាមានលទ្ធភាពបន្តជួយឧបត្ថម្ភគាំទ្រ ដល់ជនងាយរងគ្រោះផ្សេងៗទៀត ដែលកំពង់ស្នាក់នៅក្នុងខេត្តកំពង់ស្ពឺ៕