(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​អញ្ជើញទៅប្រកាសផ្តល់​ដីដល់ប្រជាពលរដ្ឋចំនួន ៧៤​គ្រួសារ មកពីឃុំចំនួន ០៤ ក្នុងស្រុកក្រគរ ដែល​មានវិវាទរ៉ាំរ៉ៃដោះស្រាយមិនចេញជិត ២០ឆ្នាំកន្លងមកហើយ។

តាមលោកមេឃុំអន្លង់ត្នោត និងលោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ បានរាយការណ៍អោយដឹងថា វិោវាទដីដែលស្ថិតក្នុងឃុំអន្លង់ត្នោតនេះ​មានកើតឡើងជិត ២០ឆ្នាំ​មកហើយ។ ប្រជាពលរដ្ឋទាំង ៧៤ គ្រួសារ បានកាន់កាប់ និងធ្វើការអាស្រ័យផលលើដីនេះ​តាំងពីឆ្នាំ ១៩៩៨-១៩៩៩ មកម៉្លេះ ហើយក្រោយមកក៏ កើតមានជាវិវាទដោះស្រាយជាបន្តបន្ទាប់ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។

ក្នុងុយុទ្ធនាការអនុវត្ត បទបញ្ជាលេខ​០១ របស់រាជរដ្ឋាភិបាល ក៏មិនបានធ្វើការវាស់វែងដែរ ដោយនៅជាប់ទំនាស់ដោះស្រាយ មិនទាន់រួច។ ក្រោយពីមានការសន្យារបស់ លោកអភិបាលខេត្ត ម៉ៅ ធនិន ក្នុងនាមជាប្រធានគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់តាំងពី ភូមិ ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និង សាលាខេត្ត បានរួមគ្នាដោះស្រាយវិវាទនេះ​ដោយប្រកាន់យកយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ទើបអាចបញ្ចប់វិវាទ នេះបានទាំងស្រុង នាថ្ងៃនេះ។

លោកអភិបាលស្រុកបានបន្តថានេះជាករណីទី៥ ហើយដែលត្រូវបានដោះ ស្រាយបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោកអភិបាលខេត្ត។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា៖ ថ្ងៃនេះយើងបានអនុវត្តតាមការសន្យា កន្លងមក ហើយវិវាទដែលកើតមានពីមុនមកត្រូវបានបញ្ចប់ក្នុងថ្ងៃនេះផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្តរហូតដល់ភូមិ គឺជាប្រតិបត្តិករ រឺក៏ជាអ្នកអនុវត្ត ប៉ុណ្ណោះ ប៉ុន្តែសមិទ្ធិផល និងដំណោះស្រាយប្រកបដោយភាពឈ្នះ-ឈ្នះ នៅថ្ងៃនេះ គឺកើតចេញពី គំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឆ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្តេចតេជោ លោកតែងឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាជន ហើយលោកតែងមានប្រសាសន៍ថា «ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់សម្តេច» ពីព្រោះ  ប្រជាពលរដ្ឋទាំងអស់ សុទ្ធសឹងតែជាកូន ជាចៅរបស់សម្តេច ។ ជាមួយគ្នានេះ សម្តេចតែងរម្លឹកដាស់ តាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវដាក់ចិត្តបម្រើប្រជាពលរដ្ឋអោយបានល្អ ហើយមិនត្រូវតាំង ខ្លួនជាច្វៅហ្វាយនាយរបស់ប្រជាពលរដ្ឋជាដាច់ខេត្ត។

លោកអភិបាលខេត្តបានបន្តថា តាមរយៈការបញ្ចប់វិវាទនៅថ្ងៃនេះ ប្រជាពលរដ្ឋទាំង ៧៤ គ្រួសារ និង ទទួលបានដីក្នុងមួយគ្រួសារ ១,៥ ហិកតា ដើម្បីធ្វើការបង្កបង្កើនផល ទ្រងទ្រង់ជីវភាពគ្រួសារបន្តទៅមុខ ទៀត។ លោកអភិបាលខេត្តបានផ្តាំផ្ញើរអោយប្រជាពលរដ្ឋដែលទទួលបានដីនៅថ្ងៃនេះ ត្រូវរក្សាអោយបាន គង់វង់ ចៀសវាងកុំបានដីហើយយកទៅលក់ ត្រូវរក្សាទុកជាកេរ្តិ៍មរតកអោយទៅកូនចៅដើម្បីអាស្រ័យផល ទៅថ្ងៃមុខបន្តទៀត ពីព្រោះថ្មីៗនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ឈប់យកពន្ធប្រថាប់ត្រាចំពោះការផ្ទេរមរតកពីជីដូនជីតា ឪពុកម្តាយទៅកូន ឬពីប្តីប្រពន្ធផ្ទេរអោយគ្នា។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្ត បម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរផងដែរ។

ប្រជាពលរដ្ឋទាំង ៧៤ គ្រួសារដែលបានដោះស្រាយបញ្ចប់វិវាទនៅថ្ងៃនេះ និងទទួលបានដីដើម្បីបង្ក បង្កើនផល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងតែនៅជាប់ ដឹងសុខទុក្ខ និងដោះស្រាយការកំបាករបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលា។ ប្រជាជនទាំងអស់បានប្រកាសគ្រាំទ្រ ការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ និងដើរតាមមាគ៌ា​របស់សម្តេចដោយឥតងាករេ៕