(កំពង់ស្ពឺ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងអំពីករណីគ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ស្ពឺ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររងគ្រោះស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាល៧០នាក់ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។​

ក្រសួងការងារ នឹងបញ្ជូនគណៈប្រតិភូទៅចុះសួរសុខទុក្ខ ព្រមទាំងដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាម គោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម។​

សូមជំរាបថា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរនេះ លោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ មានអ្នកស្លាប់៤នាក់ និងរងរបួសមួយចំនួន។

លោកស្នងការនគរបាលរូបនោះបានបញ្ជាក់ថា ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅគីឡូម៉ែត្រលេខ១០ ភូមិយាយត្រកួន ផ្លូវលេខ៤១ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយមូលហេតុគឺ៖ មុនពេលកើតហេតុរថយន្តរងគ្រោះទាំងពីរ (ដឹកកម្មករទាំងពីរគ្រឿង) បើកប្រជែងគ្នា, រថយន្តដឹកម្មករ មួយគ្រឿងទៀត បើកពីមុខ តែប្រជែងមិនផុត ក៏ថយក្រោយ រួចបុកគូទរថយន្តនោះ បណ្តាឲ្យក្រឡាប់តែម្តង!៕