(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២០ បាននាំយកសម្ភារបរិក្ខាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩មួយចំនួនទៅចែកជូន ដល់ក្រុមគ្រូពេទ្យ និងក្រុមប្រឹក្សាឃុំទាំង១៣ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជំនួយសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ យកទៅចែកជូនដល់ក្រុមគ្រូពេទ្យ និងក្រុមប្រឹក្សាឃុំនាពេលនោះរួមមាន៖ របាំងមុខចំនួន២០០ ម៉ាសN95 ចំនួន ៣,០០០ និងស្រោមដៃ ចំនួន ១ម៉ឺនគូ។ អំណោយសប្បុរសធម៌ដែលលោកទេសរដ្ឋមន្ត្រីប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងក្រុមប្រឹក្សាឃុំនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន MinebeaMitsumi ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងនៅទូទាំងពិភពលោក។

លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានឱ្យថា ស្រុក និងឃុំទាំង១៣ បានធ្វើការអនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានដោះស្រាយជាក់ស្តែងតាមរយៈការជួយជាថវិកា និងសម្ភារៈបានដល់១៦០ភូមិ ក៏ដូចជាការគ្រប់គ្រងបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៧៦នាក់ និងពីប្រទេសផ្សេងទៀតចំនួន ៤៤៨នាក់។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរពីសកម្មភាពរបស់ថ្នាក់ដឹកនាំស្រុក និងឃុំទាំង១៣ ដែលជាអ្នកនៅផ្ទាល់ក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងបានសហការគ្នាចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនឱ្យជំងឺដ៏កាចសាហាវនេះ កើតមានលើទឹកដីស្រុកព្រៃកប្បាស។

ទេសរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់មេរោគដ៏ចង្រៃនេះ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត និងការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កាយវិការប្រកបដោយសប្បុរសធម៌ គុណធម៌ មនុស្សធម៌ នៃការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីខែកុម្ភៈកន្លង ក៏ដូចជាការជួយព្យាបាលជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា គឺជាកាយវិការធ្វើឱ្យមនុស្សជាតិលើពិភពលោកជាច្រើនសុទ្ធតែបានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ដែលមិនមានអ្នកណាស្មានដល់ចំពោះកាយវិការ អាកប្បកិរិយាមនុស្សធម៌ដ៏ប្រពៃក្រៃលែងនេះ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ទាំងនេះធ្វើឱ្យកម្ពុជាមានឈ្មោះល្អប្រសើរលើពិភពលោក និងប្រឆាំងនឹងពួកអគតិដែលមានបំណងយកបញ្ហាកូវីដ-១៩ នេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»

ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្រ្តីនៅមូលដ្ឋានទាំងអស់ត្រូវបន្តអនុវត្ត និងជំរុញយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋឱ្យបន្តការពារថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅជាប្រចាំដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកផងដែរ៕