(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ) បានប្រកាសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះថា ខ្លួនបានបញ្ចប់ដំណើរការបរិវិសកម្ម (ចុះឈ្មោះ ឬដាក់សំណើរទិញមូលបត្រ) កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ហើយក៏បានទទួលការអនុម័ត ពីគណៈកម្មការមូលបត្រកម្ពុជា លើលទ្ធផលនៃការធ្វើបរិវិសកម្ម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

តាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃការធ្វើបរិវិសកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា សាធារណជន អាចពិនិត្យលទ្ធផល នៃការធ្វើបរិវិសកម្ម តាមរយៈតំណភ្ជាប់៖ https://www.acledabank.com.kh/kh/assets/pdf_zip/subscription-result.pdf

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាល នៃវីរុស កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏វិនិយោគិនប្រមាណ២,៤៩៧នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគ នៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី»

បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្ត របស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា។

ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនេះ និងសូមថ្លែងអំណរគុណ ដល់អតិថិជន និងវិនិយោគិនទាំងអស់ ដែលបានវិនិយោគ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ។

លោកបានបន្ថែមថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពី ការចុះបញ្ជីនេះ ត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា»

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា «ទោះបីជាស្ថិតនៅក្នុងកំឡុងពេល នៃការរីករាលដាល នៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះ ហាក់ដូចជាការសម្រេចចិត្ត ដ៏ប្រយ័ត្នប្រយែងមួយ។

ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រ ដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយ ទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈនេះ ដោយផ្តោតលើការបង្កើន សន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់។

លោកជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយ ក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរ តាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ទីផ្សារមូលធននៅកម្ពុជាផងដែរ៕