(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា យោងតាមអនុក្រឹត្យលេខ៣៩ ជនណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល១៥ ដើម្បីទៅបង់ប្រាក់ពិន័យ។ រយៈពេលកំណត់នៃការបង់ប្រាក់ពិន័យនេះ បើទុកដល់រយៈពេល ៣០ថ្ងៃ ត្រូវពិន័យគុណនឹង២ដង ហើយបើសិនជាទុកដល់រយៈពេល ៦០ថ្ងៃ ត្រូវពិន័យគុណនឹង៣ ខណៈទុកលើសពី ៦០ថ្ងៃ ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាប់ការបន្តតាមនីតិវិធី។

ខាងក្រោមជាកម្រិតផាកពិន័យមួយចំនួនក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០

* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖

១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
* សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
* សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕