(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី៣0 ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈសមត្ថកិច្ចនឹងអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធ នឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពី ការផាកពិន័យចំពោះអំពើល្មើស នឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងថា ដោយមានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសពីប្រមុខរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោកបានណែនាំមន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ដោយបានអនុវត្ត ចុះផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ ក្នុងរយៈពេលជិត ០១ខែកន្លង។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា ដោយថ្នាក់ដឹកនាំបានសង្កេតឃើញកំនើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការបាត់បង់ អាយុ ជីវិត ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ ដូច្នេះ ថ្នាក់ដឹកនាំបានរៀបចំអនុក្រឹត្យ ៣៩ អនក្រ.បក នេះឡើង ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកស្នងការ ក៏បានសំណូមពរដល់កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សូមចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុត ពីការផាកពិន័យជាពិសេសចៀសផុតសោកនាដកម្ម ដែលកើតឡើងពីគ្រោះ ចរាចរណ៍ផ្លូវគោក នៅក្នុងប្រទេសកម្ពុជាជាដើម៕