(បន្ទាយមានជ័យ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ស្តីពីលទ្ធភាពនៃការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ដល់កសិករចញ្ចឹមត្រី មាន់ ទា ដាំដុះបន្លែ និងដល់ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម។

លោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សហគមន៍កសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ សរុបមានចំនួន៤១សហគមន៍ ដែលមានសមាជិក សរុបចំនួន៤,៦៦៨នាក់ និងមានការបែងចែកជាបណ្តុំអាជីវកម្មដាំបន្លែ និងផ្លែឈើមានសមាជិក៣៣១គ្រួសារ វារីវប្បកម្មភ្ញាស់ចញ្ចឹមត្រី និងកង្កែប មានចំនួនសរុប៤៤២គ្រួសារ អាជីវកម្មចញ្ចឹមសត្វមានចំនួន២៣៥គ្រួសារ។

បន្ថែមលើនេះ ដោយមានការយកចិត្តទុកដាក់ ពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលថ្នាក់ខេត្តបន្ទាយមានជ័យ បានរៀបចំក្រុមការងារចំនួន៣ក្រុម ដើម្បីចុះជួយដល់ប្រជាកសិករដោយក្នុងនោះមាន៖

* ក្រុមទី១៖ ចុះត្រួតពិនិត្យអាងទឹក និងជំរុញការធ្វើកសិកម្ម និងចញ្ចឹមសត្វ
* ក្រុមទី២៖ ទទួលបន្ទុកលើមូលនិធិរបស់នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ដើម្បីគាំទ្រលើផលិតកម្មកសិកម្ម របស់ប្រជាកសិករ
* ក្រុមទី៣៖ ទទួលបន្ទុកជំរុញទីផ្សារ ផ្នែកផលិតកម្មកសិកម្មរបស់ប្រជាកសិករ។

លោក កៅ ថាច ក៏បានធ្វើបទបង្ហាញខ្លី អំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្ដល់ឥណទានដែលមានការប្រាក់ទាប ដើម្បីគាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាត មធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល កំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩។

លោក កៅ ថាច ក៏បានលើកឡើងអំពី ការកំណត់លក្ខខណ្ឌតម្រូវមួយចំនួន ដល់ម្ចាស់សហគ្រាស និងឬកសិដ្ឋានគោលដៅ ដើម្បីអាចទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦.៥ភាគរយប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្ម រួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់ នូវឥណទានសម្រាប់ យកទៅប្រើប្រាស់ជាទុនបង្វិល និងឬ ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម។

ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការ ទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិលិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ) ផងដែរ។

បន្ថែមលើនេះ ក្រៅពីឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងៗ ដែលមានអត្រាការប្រាក់ទាបសមរម្យផងដែរ ហើយលោក កៅ ថាច ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលមានបំណងចង់ បានឥណទានអាចពិចារណាធ្វើការស្នើសុំបាន។

លោកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានថ្លែងអំណរគុណ ដល់អភិបាលខេត្តបន្ទាយមានជ័យ ដែលបានជួយសម្របសម្រួល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជាពិសេសដល់កសិករចញ្ចឹមត្រី មាន់ ទា ដាំដុះបន្លែ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ប្រចាំខេត្តបន្ទាយមានជ័យនេះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទាន សម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនង ព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦៕