(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបន្តបញ្ជូនសម្ភារអនាម័យ ដែលមានអាវបំពង់ចំនួន៧៣០០ ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។

លោក ជីងហ្គី រ៉េយអាមប៊េកកូវ អនុប្រធានអ្នកសម្របសម្រួល គម្រោងក្នុងពន្ធនាគារ បានដឹកនាំសកម្មភាពនេះ។ សម្ភារដែលត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋានពន្ធនាគារនេះដែរ គឺជាផ្នែកមួយនៃសម្ភាទាំង២០តោន ដែលបានចុះហត្ថលេខាប្រគល់ ជូនអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។

ICRC កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានចុះហត្ថលេខាប្រគល់សម្ភារអនាម័យចំនួន២០តោន ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្កាការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងពន្ធនាគារ នៅឯមណ្ឌលអប់រំកែប្រែទី១ (ម១)។

ICRC បានត្រៀមកញ្ចប់ថវិការចំនួន ២៣០,០០០ដុល្លារ សម្រាប់កិច្ចប្រតិបត្តិការ ទៅលើការផ្គត់ផ្គង់សម្ភារ និងឧបករណ៍ដែលចាំបាច់ និងផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដល់អាជ្ញាធរក្នុងពន្ធនាគារ។

នៅក្នុងថ្ងៃបន្តបញ្ជូនសម្ភារអនាម័យ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងពន្ធនាគារនេះផងដែរ, ICRC ក៏បានគាំទ្រលើវគ្គបណ្ដុះបណ្ដាល ដែលនឹងធ្វើឡើងដោយអង្គភាពប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋាននៃពន្ធនាគារ អំពី «ការការពារនិងត្រួតពិនិត្យ នៃការឆ្លងមេរោគសម្រាប់ជំងឺកូវីដ១៩ និងការឆ្លើយតបរហ័ស ក្នុងការគ្រប់គ្រងក្នុងករណីមានជំងឺកូវីដ១៩»។

ចាប់តាំងពីមានការរាតត្បាត នៃជំងឺកូវីដ១៩នេះ ICRC បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីចាត់វិធានការបង្ការជំងឺនេះ ឲ្យមានប្រសិទ្ធភាពនៅក្នុងពន្ធនាគារ។

ដោយមានការសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ, ICRC បានបន្តបេសកកម្មរបស់ខ្លួន ក្នុងគោលដៅផ្ដល់ជំនួយសម្ភារផ្នែកសុខាភិបាល សម្ភារអនាម័យ ដល់ជនជាប់ឃុំ ក៏ដូចជាមន្រ្តីដែលមានមុខងារ នៅក្នុងពន្ធនាគារ ដើម្បីបង្កាការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជា។ ICRC ក៏បានផ្ដល់សម្ភារបរិក្ខារអនាម័យ វគ្គបណ្ដុះបណ្ដាល និងការតាមដានលើសកម្មភាពសំខាន់ៗដូចជា ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យ អនាម័យនៅក្នុងបរិវេណអគារ និងផ្ដល់ការការពារដល់ជនជាប់ឃុំ សរុបជាចំនួន ៣៨, 000នាក់ និងមន្រ្តីពន្ធនាគារសរុបចំនួន ៤,០០០នាក់ផងដែរ។

យ៉ាងណាមិញនៅមានចំណុចជាច្រើនទៀត ដែលគួរតែត្រូវបានបំពេញ នៅក្នុងសកម្មភាពមនុស្សធម៌របស់ ICRC ហេតុនេះហើយ ICRC សូមអំពាវនាវដល់ស្ថាប័នមនុស្សធម៌ទាំងឡាយ និងស្ថាប័ននានា ដែលមានគោលបំណងចង់ចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌នេះ អាចចូលរួមបានតាមលទ្ធភាព។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ICRC បានបន្ថែមទិសដៅបេសកកម្មរបស់ខ្លួន ក្នុងការឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អង្គការមនុស្សធម៌នេះទៀតសោត កំពុងតែផ្ដោតការយកចិត្តទុកដាក់គាំទ្រ ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់ការឆ្លង ឬរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ ហើយនឹងប្រាកដថា ជនជាប់ឃុំនៅតែអាចមានទំនាក់ទំនងជាមួយគ្រួសាររបស់គេដដែល។

ICRC ក៏ប្រាកដថា មណ្ឌលស្ដារលទ្ធភាព ពលកម្ម កាយសម្បទា ក្នុងខេត្តបាត់ដំបង និងកំពង់ស្ពឺ និងនៅតែមានប្រតិបត្តិការដដែល។ ជាងនេះទៅទៀត កិច្ចគាំទ្រជាមួយសមាគមជាតិកាកបាទក្រហម ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអនាម័យសុខភាព និងវិធីសាស្រ្តសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តទាំង១៣ ដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ៕