(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានសហការជាមួយនគរបាលចរាចរណ៍ខេត្ត និងរដ្ឋបាលក្រុងបានលុង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបន្ត យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោក សាយ សាមាន បានលើកឡើងថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ អប់រំ ណែនាំ ដល់អ្នកបើកបរយានយន្ត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់។

លោកបានបន្ដថា «យុវជនដែលបានចូលរួមឆ្លើយសំណួរនៅក្នុងយុទ្ធនាការនេះ បានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ នៅទូទាំងប្រទេស និងមូលហេតុ ការស្លាប់អ្នកទាំងនោះផងដែរ។ តាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ បងប្អូននឹងបន្ថែមការការពារ ប្រុងប្រយ័ត្ននៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឱ្យបានយល់ ដឹងផងដែរ»

ក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន៖ មួកសុវត្ថិភាព៧៥មួក, សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១៥០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្ត គួរយល់ដឹង១៥០ក្បាល, ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក១៥០សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត១៥០សន្លឹក, ស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍១៥០សន្លឹកផងដែរ។

សូមបញ្ជាក់ថា នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគិរី ចាប់អនុវត្តច្បាប់ចរាចរណ៍ថ្មី និងធ្វើការផាកពិន័យចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះតទៅ៕