(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញលេខទូរស័ព្ទចំនួន ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអាចរាយការណ៍ពីភាពមិនប្រក្រតីរបស់មន្រ្តី លើការយកសេវា សាធារណៈ ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ មានប្រជាពលរដ្ឋបានសម្រុកយករថយន្តរបស់ខ្លួនទៅឆៀក ធ្វើស្លាកលេខ និងជាពិសេសនោះគឺទៅធ្វើបណ្ណបើកបរ ឬទៅសុំសុពលភាព បណ្ណបើកបរឡើងវិញ។

សម្រាប់កន្លែងឆៀករថយន្តនៅក្របខណ្ឌទូទាំងប្រទេសមានចំនួន ១៤កន្លែង ក្នុងរាជធានីភ្នំពេញ-ខេត្តចំនួន១០ អមដោយរថយន្តឆៀកចល័ត ៣ក្រុមផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនព័ត៌មានពាក់ព័ន្ធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជារូមមាន៖ រាជធានីភ្នំពេញមាន ៥ទីតាំង (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និងតាមបណ្តាខេត្តមាន ៩ទីតំាង គឺមានខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និងកំពង់ឆ្នាំង និងរថយន្តឆៀកចល័ត ៣ក្រុមផងដែរ»

បើតាមលោក គង់ វិមាន សម្រាប់ការសាកសួរព័ត៌មាន និងការផ្តល់យោបល់ពីភាពមិនប្រក្រតីនៃការយកសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖

*085 92 90 90
*015 92 90 90
*067 92 90 90៕